សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែលរដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំនៅព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើម្បីត្រៀមជាទីតាំងសុវត្ថិភាពសម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១២.០៦០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។

នៅក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថា អំឡុងពេលមានសង្គ្រាមរវាងកងកម្លាំងហាម៉ាស់ និងអ៊ីស្រាអែល រាជ រដ្ឋាភិបាលបានជួលសណ្ឋាគារផ្កាយប្រាំ នៅតំបន់ព្រំដែនរវាងអេហ្ស៊ីប ហ្សកដង់ និងអ៊ីស្រាអែល ដើម្បីត្រៀមជាទីតាំងសុវត្ថិភាព សម្រាប់ឱ្យពលរដ្ឋ និងនិស្សិតខ្មែរស្នាក់នៅ។
សម្ដេចបានមានប្រសាសន៍ថា៖ «តាំងពីថ្ងៃផ្ទុះដំបូងរហូតមកដល់ម៉ោងនេះ រដ្ឋាភិបាលគឺនៅតាមជាប់ជា្រចាំ ខ្ញុំឱ្យរាយការណ៍ឱ្យខ្ញុំមួយថ្ងៃ ៤ដង គឺនៅម៉ោង ៧ព្រឹក ម៉ោង ១២ថ្ងៃត្រង់ ម៉ោង ៧ល្ងាច និងម៉ោង ១០យប់ ពីស្ថានភាពបងប្អូន ប្រជាពលរដ្ឋ និស្សិតយើង និងស្ថានភាពនៅទីនោះ ជារៀងរាល់ថ្ងៃ។ ខ្ញុំត្រូវចេញគោលការណ៍ ថាត្រូវធ្វើម៉េចតាមដានឱ្យជាប់ ហើយយើងរៀបផែនការជាជំហាន។ នៅថ្ងៃទី១៤ មួយអាទិត្យក្រោយ ក្នុងមួយសប្ដាហ៍នេះ យើងបានរៀបចំកន្លែងសុវត្ថិភាពបម្រុង ទី១ គឺសុវត្ថិភាពដែលប្រព័ន្ធការងារស្ថាប័នក្រុមហ៊ុនអ៉ីស្រាអែលដែលទទួលខុសត្រូវគេរៀបចំ សម្រាប់ប្រជាពលរដ្ឋគេ និងសម្រាប់បងប្អូននិស្សិតរបស់យើងដែលធ្វើនៅកន្លែង ហើយទី២ បានឱ្យរៀបចំកន្លែងសុវត្ថិភាពរបស់យើង នៅឱ្យឆ្ងាយពីកន្លែងប្រឈម គឺជិត ៣០០គីឡូ យកកន្លែងព្រំដែន អេហ្ស៊ីប ហ្សកដង់ ហើយនិងអ៉ីស្រាអែល ព្រោះអ៉ីស្រាអែលគាត់បិទប្រទេសទាំងអស់ ច្រកព្រំដែនមិនឱ្យចេញ អ៉ចឹងត្រូវរៀបចំកន្លែងមួយ ៣០០គីឡូ បានន័យថា ឧទាហរណ៍ដូចស្ថានភាពកំពុងផ្ទុះនៅព្រះវិហារ ខ្ញុំរៀបចំកន្លែងនៅកំពង់ចាម ដើម្បីយកបងប្អូនមក ហើយបើសិនជាមានស្ថានភាពទូទាំងនៅអ៉ីស្រាអែលកាន់តែខ្លាំង យើងមានផែនការដើម្បីផ្ដល់សុវត្ថិភាពជូនប្រជាពលរដ្ឋយើងបន្ថែមទៀតក្រៅពីនេះ។ យើងបានគិតគូរគ្រប់ជំហានជូនប្រជាពលរដ្ឋយើង ហើយខ្ញុំឱ្យនិស្សិតរបស់យើងបានដឹងហើយ គ្រួសាររបស់បងប្អូន និងប្រជាពលរដ្ឋទូទាំងប្រទេស យើងបានគិតគូរ ជាយថាហេតុគ្រប់ហើយ។ នៅក្នុងថ្ងៃ ទី១៤ ដែលយើងរៀបចំ យើងបានឱ្យបងប្អូន និស្សិតរបស់យើងជាពិសេសអ្នកនៅក្នុងតំបន់ហានិភ័យ បងប្អូនណាដែលស្ម័គ្រចិត្តចេញពីកន្លែងកំពុងមានហានិភ័យ បានន័យថា ក្រោយមួយអាទិត្យនេះ គឺមិនដូចហានិភ័យកាលពីថ្ងៃទី៧ ទី៨ ដែលកំពុងច្របូកច្របល់ ព្រោះអ៉ីស្រាអែលគាត់បានគ្រប់គ្រងហើយ គ្មានការចូលមកបាញ់សម្លាប់នៅក្នុងភូមិអីទៀតទេ ហើយប្រជាពលរដ្ឋចាប់ផ្ដើមធ្វើការនៅកសិដ្ឋានធម្មតាឡើងវិញ »។
សម្ដេចបានបន្ថែមថា៖ «យើងបានឱ្យបងប្អូនអ្នកដែល ស្ម័គ្រចិត្តចេញមកយើងផ្ដល់ មធ្យោបាយដឹកជញ្ជូន និងការស្នាក់នៅហូបចុក យើងជួលអូតែលផ្កាយប្រាំមួយនៅព្រំដែន ដែលអាចដាក់ជាង ៤០០នាក់នៅហ្នឹង យើងត្រៀមហើយ។ នៅថ្ងៃដែលយើងបានប្រកាសគឺនៅថ្ងៃភ្ជំធំទី២ បងប្អូនដែលចុះឈ្មោះ ក្នុងចំណោម ជាង៤២០នាក់ ចូលមកប្រាប់នៅក្នុងតេឡេក្រាមថាពីណាខ្លះ ស្ម័គ្រចិត្តទៅកន្លែងនោះដើម្បីបណ្ដោះអាសន្ន បើសិនជាកន្លែងនេះសុវត្ថិភាពចាំមកកន្លែងធ្វើការវិញ ប៉ុន្តែបងប្អូនជាច្រើន ដោយកត្តាផ្សេងៗ បងប្អូនគាត់សម្រេចចិត្តថា គាត់មិនចាកចេញទេ គាត់នៅបន្តធ្វើការនៅកន្លែងដែលគាត់នៅទៀត ដោយគាត់គិតថា មានសុវត្ថិភាពស្រួលបួល ហើយថែមទាំងមានការធានាពីម្ចាស់កសិដ្ឋាន និងអ្នកធានាអ៉ីស្រាអែលថាគេនឹងរៀបចំឱ្យគាត់នៅទីនោះ»៕



អត្ថបទ៖ លីនី