ពីមុនគាត់លក់ប៊ឺហ្គឺបានតែ ២ ក្នុងមួយថ្ងៃ តែពេលនេះគាត់ក្លាយជាម្ចាស់ហាងដែលមានតម្លៃ ៧៣៣,០០០ដុល្លារអាមេរិក
តាំងពីលក់ប៊ឺហ្គឺបានត្រឹមតែ ២ ក្នុងមួយថ្ងៃ រហូតអាចបង្កើតបានជាហាងដ៏ធំមួយ មានតម្លៃប្រហែល 733,000ដុល្លារអាមេរិក លោក Syed Mohamed ម្នាក់នេះ គឺពិតជាបុគ្គលដែលពូកែតស៊ូរហូតទទួលបានជោគជ័យដ៏គួរឱ្យកោតសរសើរមែន!។ នៅក្នុងបទសម្ភាសន៍ថ្មីៗជាមួយ Harian Metro បុរសវ័យ ៥២ឆ្នាំ រូបនេះបាននិយាយថា គាត់បានចាប់ផ្តើមលក់ប៊ឺហ្គឺតាំងពីគាត់ទើបតែរៀនចប់ថ្នាក់សិក្សាកម្រិតទាបមកម៉្លេះ។ កាលនោះគាត់មានដើមប្រហែល ១២០ដុល្លារអាមេរិក ប៉ុណ្ណោះដើម្បីចាប់ផ្តើម ដោយគាត់បើកលក់ចាប់ពីម៉ោង ១០ព្រឹក ដល់ម៉ោង ១យប់។
គាត់បានបន្តថា គាត់ទទួលរងការឈឺចាប់ ពេលវេលាដ៏ជូរចត់ និងការខកចិត្តជាច្រើន។ ពេលខ្លះគាត់លក់បានតែប៊ឺហ្គឺចំនួន ២ តាំងពីបើករហូតដល់បិទហាង ប៉ុន្តែគាត់មិនអាចបោះបង់វាចោលបាននោះទេ ព្រោះនេះជាអ្វីដែលគាត់អាចធ្វើបាន។ បន្ទាប់មកគាត់ក៏បានចាប់ដៃគ្នាជាមួយនឹងប្អូនប្រុសចុងរបស់គាត់ ពួកគេខំតស៊ូទាំងយប់ថ្ងៃ ទីបំផុតពួកគេក៏អាចមានហាងដ៏ធំ ដែលមានតម្លៃប្រហែល ៧៣៣,០០០ដុល្លារអាមេរិក នេះ។
មិនត្រឹមតែប៉ុណ្ណឹងនោះទេ ពួកលោកទាំងពីរក៏បានជួយសម្រួលដល់សិស្សដែលខ្វះខាតឱ្យចូលរួមជាមួយ ព្រោះគាតក៏ធ្លាប់ជាសិស្សក្រ ដូច្នេះគាត់អាចយល់ពីភាពជូរចត់របស់វា។ ប៉ុន្មានឆ្នាំមុន ហាងរបស់គាតដែលមានឈ្មោះថា Restoran Ali Cafe ដែលមានទីតាំងនៅតាមបណ្តោយ Jalan Pantai Baharu ក៏ត្រូវបានទទួលពានរង្វាន់ដោយ DBKL ផងដែរ សម្រាប់ភាពស្អាត និងល្អឥតខ្ចោះ។ ហើយគាត់ក៏បានសន្យាថា នឹងប្តេជ្ញាបំពេញតម្រូវការអតិថិជន ព្រោះវាគឺជាតួនាទីរបស់ពួកគាត់៕


អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz