លោក Jeff Bezos និងលោក Bill Gates នៅតែជាកំពូលអ្នកមានបំផុតរបស់ទស្សនាវដ្តី Forbes ឆ្នាំ២០១៩
បើយោងតាមបញ្ជីឈ្មោះអ្នកមានបំផុតរបស់ទស្សនាវដ្តី Forbes បានឱ្យដឹងថា លោក Jeff Bezos នៅតែបន្តជាប់ឈ្មោះជា មហាសេដ្ឋីលំដាប់លេខ ១ នៅលើលោក ខណៈលោក Bill Gates និងលោក Warren Buffett ស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ និង ៣ ដេញពីក្រោយ។ ចំណែកប្រធានាធិបតីអាមេរិកលោក Donald Trump វិញលោតឡើងបាន ៥១ចំណាត់ថ្នាក់ គឺពីលេខ ៧៦៦ នៅឆ្នាំមុន មកលេខ ៧១៥ ក្នុងឆ្នាំនេះ។ ចំណែកស្ថាបនិកហ្វេសប៊ុកលោក Mark Zuckerberg ធ្លាក់ចំណាត់ថ្នាក់ពីលេខ ៥ មកដល់លេខ ៨ ក្នុងឆ្នាំនេះ។
យោងតាមការប្រកាសកាលពីថ្ងៃអង្គារ ដោយទស្សនាវដ្តី Forbes បានឱ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Jeff Bezos វ័យ ៥៥ឆ្នាំ បានកើនឡើង ១៩ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ។ ចំណែកចំណាត់ថ្នាក់ទី ២ លោក Bill Gates វ័យ ៦៣ឆ្នាំ បានកើនទ្រព្យសម្បត្តិបន្ថែម ៦.៥ពាន់លានដុល្លារអាមេរិក ហើយបច្ចុប្បន្នគាត់មានទ្រព្យសម្បត្តិសរុប ៩៦.៥ពាន់លានដុល្លារ ខណៈចំណាត់ថ្នាក់ទី ៣ លោក Warren Buffett បានខាតបង់ទ្រព្យសម្បត្តិ ១.៥ពាន់លានដុល្លារ មកនៅសល់ត្រឹម ៨២.៥ពាន់លានដុល្លារ។
ចំពោះលោក ដូណាល់ ត្រាំ វិញទ្រព្យសម្បត្តិរបស់គាត់គឺនៅតែមាន ៣.១ពាន់លានដុល្លារ ដដែលខណៈលោក Mark Zuckerberg ខាតបង់ដល់ទៅ ៩ពាន់លានដុល្លារ ឆ្នាំនេះ៕ យ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ មិនមែនជាមន្ត្រីជាប់ឆ្នោតអាមេរិក ដែលមានជាងគេបំផុតនោះទេ! កិត្តិយសនេះគឺបានទៅលោក JB Pritzker ដែលជាអ្នកប្រជាធិបតេយ្យ ដែលបានកាន់តំណែងជាអភិបាលរដ្ឋ Illinois កាលពីខែមករា។ លោក Pritzker ត្រូវបានគេប៉ាន់ប្រមាណថា មានទ្រព្យសម្បត្តិ ៣.២ពាន់លានដុល្លារ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia