Huawei ចោទអាមេរិកថា ចូលលួចទិន្នន័យរបស់ក្រុមហ៊ុន និងហាមឃាត់ឧបករណ៍អេឡិចត្រនិចដោយគ្មានភស្តុតាង
ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំរបស់ចិន ក្រុមហ៊ុន Huawei បានចោទប្រកាន់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងថ្ងៃព្រហស្បតិ៍នេះ ពីបទលួចចូលប្រព័ន្ធ server និងអ៊ីមែល របស់ក្រុមហ៊ុន។ ដោយអនុប្រធានក្រុមហ៊ុនលោក Guo Ping បាននិយាយនៅក្នុងសន្និសីទសារពត៌មានមួយថា «រដ្ឋាភិបាលអាមេរិកបានលួចចូល server ប្រភពកូដ និងអ៊ីម៉ែល រស់ក្រុមហ៊ុន»។
យ៉ាងណាក៏ដោយលោក Guo មិនបានបញ្ជាក់លម្អិតពីរបៀប ដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកបានចូលលួចទិន្នន័យរបស់ពួកគេនោះទេ ប៉ុន្តែនៅក្នុងការធ្វើអត្ថាធិប្បាយឱ្យកាសែត Financial Times កាលពីសប្ដាហ៍មុន លោក Guo បាននិយាយថា មូលហេតុនៃការវាយប្រហាររបស់អាមេរិកលើក្រុមហ៊ុន Huawei គឺជាប់ទាក់ទិននឹងទិន្នន័យ ដែលអាមេរិកបានលួចចូលនោះ។
គួររំឭកផងដែរថា ក្រុមហ៊ុន Huawei មិនមែនទើបតែប្តឹងរឿងអាមេរិកលួចចូលទិន្នន័យរបស់ខ្លួននោះទេ សូម្បីតែប៉ុន្មានថ្ងៃមុនក៏ក្រុមហ៊ុននេះ បានដាក់ពាក្យបណ្តឹងប្តឹងអាមេរិកពីបទ ហាមឃាត់ឧបករណ៍អេឡិចត្រនិច និងចោទប្រកាន់មកលើខ្លួនទាំងគ្មានភស្តុតាងផងដែរ៕
អត្ថបទ៖ លីដា
ប្រភព៖ scmp