គណៈកម្មការវត្តតាសុត ផ្អាកឱ្យពលរដ្ឋចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗ ចាប់ពីថ្ងៃនេះ រហូតដល់ជូនដំណឹងជាថ្មី
- November 9, 2023
ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមសេចក្ដីជូនដំណឹងរបស់ គណៈកម្មការវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត បានប្រកាសឱ្យប្រជាពលរដ្ឋផ្អាកការចូលថ្វាយបង្គំព្រះធម្មវនវាសី ចន្ទ មុនី ព្រះសង្ឃាធិបតីវត្តតាសុត។

គណៈគ្រប់គ្រងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត មានកិត្តិយស សូមគោរពជម្រាបជូនដំណឹង ដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសទាំងអស់ ឱ្យបានជ្រាបថា៖ វត្តចន្ទប្បជោត្តនារាម សូមប្រកាស ដំណឹងស្តីពីការផ្អាកចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ក្នុងរូបភាពសុំទឹក ឬមើលជំងឺផ្សេងៗ ហើយលើកលែងតែការមកធ្វើបុណ្យបំពេញកុសល និងបដិបត្តិចម្រើនព្រះធម៌ជាប្រក្រតីធម្មតា។
ហេតុដូច្នេះ គណៈគ្រប់គ្រងវត្ត បានសម្រេចផ្អាកការអនុញ្ញាតឱ្យសាធារណជនទាំងអស់(ក្នុង និង ក្រៅប្រទេស) ចូលថ្វាយបង្គំ ព្រះធម្មវនវាសី ចន្ទមុនី ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មាន ការជូនដំណឹងផ្លូវការជាថ្មី ៕


- Share This Post:






