សមត្ថកិច្ច បង្រ្កាបមុខសញ្ញាគប់កញ្ចក់រថយន្តមួយគ្រឿង នៅក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជូនទៅតុលាការ
- November 10, 2023
ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា សមត្ថកិច្ចនគរបាលខេត្ត បង្រ្កាបមុខសញ្ញាគប់កញ្ចក់រថយន្ត នៅក្រុងឧដុង្គម៉ែជ័យ ឃាត់ខ្លួនជនសង្ស័យ ២នាក់បញ្ជូនទៅតុលាការ។

បើយោងតាមបណ្តឹងរបស់ឈ្មោះ ឈីម បាន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិថ្នល់បន្ទាយ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះស្រែ ថា មានជនមិនស្គាល់អត្តសញ្ញាណចំនួនពីរនាក់ បានធ្វើសកម្មភាពយកដុំឥដ្ឋគប់កញ្ចក់រថយន្តរបស់ខ្លួន កាលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣ និង៣០នាទី នៅចំណុចលើផ្លូវបេតុ ស្ថិតនៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
ក្រោយទទួលបណ្ដឹងលោកវរសេនីយ៍ទោ ជុន សូឃួន អធិការនគរបាលក្រុងឧដុង្គម៉ែជ័យ ដឹកនាំកំលាំងធ្វើការស្រាវជ្រាវ និងស្នើសុំយោបល់ពីលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ដើម្បីសហការជាមួយជំនាញ ធ្វើការស្រាវជ្រាវនិងកំណត់បានមុខសញ្ញាជាជនសង្ស័យបានគប់រថយន្ត ចំនួន០២នាក់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់មាន៖
១/ឈ្មោះ គិត សាវុទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ (ម្ចាស់ម៉ូតូ និងជាអ្នកបើកម៉ូតូ)។
២/ឈ្មោះ វ៉ិន សុភ័ក្ត ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិក្បាលអូរ សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ(អ្នកជិះពីក្រោយ)។
ជនសង្ស័យទាំងពីរនាក់បានឆ្លើយថានៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៨ និង២០នាទី ខ្លួនបានជិះម៉ូតូម៉ាក CBR ពណ៌ក្រហម (គ្មានផ្លាកលេខ) នៅចំណុចលើផ្លូវបេតុង ស្ថិតក្នុងភូមិក្បាលអូរ សង្កាត់ព្រះស្រែនិងបានយកដុំឥដ្ឋចោលទៅលើរថយន្ដមួយគ្រឿងមិនចាំម៉ាករួចជិះម៉ូតូគេចខ្លួនតែម្ដង។
បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងនិងបញ្ជូនជនសង្ស័យខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕





- Share This Post:






