ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ស្ថានីយ៍វិទ្យុជាច្រើនបានប្រកាសថា នឹងឈប់ចាក់ចម្រៀងរបស់ស្ដេចប៉ុប Michael Jackson ជុំវិញរឿងអាស្រូវរំលោភបំពានផ្លូវភេទលើកុមារ

    BY autoadmin March 7, 2019
    ស្ថានីយ៍វិទ្យុជាច្រើនបានប្រកាសថា នឹងឈប់ចាក់ចម្រៀងរបស់ស្ដេចប៉ុប Michael Jackson  ជុំវិញរឿងអាស្រូវរំលោភបំពានផ្លូវភេទលើកុមារ

    ស្ថានីយ៍វិទ្យុនៅក្នុងប្រទេសអូស្ត្រាលី កាណាដា និងនូវែលសេឡង់ កំពុងបដិសេធការចាក់ចម្រៀងរបស់លោក Michael Jackson បន្ទាប់ពីមានការចោទប្រកាន់ថ្មីៗ ដែលចោទថាលោក រំលោភបំពានផ្លូវភេទលើកុមារ។ ក្រុមហ៊ុន Nova Entertainment នៃទីក្រុងស៊ីដនីក្នុងថ្ងៃព្រហស្បតិ៍ ទី៧ ខែមីនា បានក្លាយជាក្រុមវិទ្យុចុងក្រោយបំផុត ដែលប្រកាសថា ពួកគេនឹងមិនចាក់ចម្រៀងរបស់ «ស្ដេចប៉ុប» ម្នាក់នេះទៀតទេ ដើម្បីឆ្លើយតបទៅនឹងមតិសាធារណៈ។

    ការផ្លាស់ប្តូរនេះបានកើតឡើងបន្ទាប់ពីការចាក់ផ្សាយឯកសារអាមេរិក ដែលមានចំណងជើងថា «Leaving Neverland» និងបានបង្ហាញពីបុរសពីរនាក់ ដែលអះអាងថា លោក Michael Jackson បានរំលោភបំពានផ្លូវភេទពួកគេអស់ជាច្រើនឆ្នាំ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានស្រង់សម្តីលោក Paul Jackson ដែលជាប្រធានកម្មវិធីរបស់ Nova ថា៖ «ដោយសារតែអ្វីដែលកំពុងកើតឡើងនៅពេលនេះ SmoothFM មិនបន្តចាក់បទចម្រៀងរបស់ Michael Jackson ទៀតទេ» ។

    ចំណែកនៅប្រទេសនូវែលសេឡង់ បទចម្រៀងរបស់តារាចម្រៀងរូបនេះបច្ចុប្បន្នស្ទើរតែគ្មានវត្តមាននៅលើរលកធាតុអាកាស បន្ទាប់ពីបណ្តាញវិទ្យុធំជាងគេពីររបស់ប្រទេសគឺ MediaWorks និង NZME បានដកចេញនូវចម្រៀងរបស់គាត់លែងបន្តចាក់តទៅទៀត៕

    អត្ថបទ៖ លីដា
    ប្រភព៖ channelnewsasia

    Share This Post: