ព័ត៌មានជាតិ

រដ្ឋបាលរាជធានីភ្នំពេញ កែសម្រួលកម្មវិធីសម្ពោធស្ពានឆ្លងកោះពេជ្រ-កោះនរា ដោយប្តូរមកសម្ពោធពេលរសៀលវិញ

BY
Khmernote Media
November 15, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពី កែសម្រួលកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ដោយប្តូរមកសម្ពោធពេលរសៀលវិញ។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ​ ឱ្យបានជ្រាបថា ចំពោះពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍកោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំនៅព្រឹក ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានលើកទៅរៀបចំនៅរសៀលថ្ងៃដដែលវិញ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផ្អាកចរាចរជាបណ្តោះអាសន្នយានយន្តគ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ស្ពានខ្សែកាបតភ្ជាប់រវាងតំបន់អភិវឌ្ឍ កោះនរា និងតំបន់អភិវឌ្ឍកោះពេជ្រ និងជុំវិញទីតាំងប្រារព្ធពិធីចាប់ពីវេលាម៉ោង ១០:០០នាទី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលត្រូវធ្វើដំណើរឆ្លងកាត់ទីតាំងប្រារព្ធពិធីខាងលើ មេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់តាមកាលបរិច្ឆេទខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្ដោះអាសន្ននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

Share This Post: