សម្ដេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពេលនេះ អ្នកបាញ់បោះនៅគិរីរម្យ ៤នាក់ ត្រូវបានដកចេញពីក្របខណ្ឌហើយ
នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពាននាគភ្លោះកោះនរា និងស្ពានបេតុងខ្សែកាបតភ្ជាប់តំបន់អភិវឌ្ឍកោះនរា ទៅតំបន់អភិវឌ្ឍកោះពេជ្រ” ។

ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា នាពេលនេះមន្រ្តីប្រដាប់អាវុធចំនួនបួនរូប ដែលបានបាញ់រាប់រយគ្រាប់នៅគិរីរម្យត្រូវបានដកចេញពីក្របខណ្ឌហើយ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមសរសើរណាស់ចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ ហើយថ្មីៗនេះ យើងឃើញការបង្ក្រាប ហើយការអនុវត្ត វិន័យតឹង ម្សិលម្ងៃ ឃើញបាញ់នៅគីរីរម្យ សួរចុះសួរឡើង ស្រាវជ្រាវឃើញ។ ជាអកុសលនៅក្នុងកងកម្លាំងសម្ថកិច្ចត្រូវកាត់បន្ថយ ហើយចាត់វិធានការតឹងរ៉ឺងត្រូវបណ្ដេញចេញពីក្របខណ្ឌ ដូចជា ៤នាក់ត្រូវបានបណ្ដេញចេញពីក្របខណ្ឌ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ រាយការណ៍មកខ្ញុំ នេះជាគំរូត្រូវតែតែអនុវត្ត »។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានថ្លែងសរសើរណាស់ចំពោះកម្លាំងសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរ ព្រមទាំងជំរុញឲ្យចាត់វិធានការឲ្យដូចជាភ្លៀងរលឹម ក្នុងការបង្រ្កាបដល់មន្រ្តីប្រដាប់អាវុធណា ដែលបាញ់បោះសេរី និងប្រើប្រាស់គ្រឿងញៀនផងដែរ៕

អត្ថបទ៖ លីនី