ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ទើបចេញពីពន្ធនាគារមិនរាងចាល បែ-កគំនិតឆក់ទូរស័ព្ទ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចាប់ចូលពន្ធនាគារជាថ្មី

BY
Khmernote Media
November 16, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណ ម៉ោង០០៖៣០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ទូរស័ព្ទ) មួយកើតឡើង នៅចំណុចផ្លូវព្រះនរោត្តម មុខអង្គភាពប្រឆាំងអំពើពុករលួយ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ខណៈដែល ជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃមួយគ្រឿង ហើយបម្រុងជិះគេចខ្លួន តែដោយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ កំពុងល្បាតក្បែរនោះដែរបានឃើញ ក៏ធ្វើការប្រដេញរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ចាន់ សុវណ្ណ ភេទប្រុស អាយុ២៧ឆ្នាំភ្លាមៗតែម្តង។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនរងគ្រោះពិតប្រាកដមែន កន្លងមកអំឡុងឆ្នាំ២០២១ ខ្លួនក៏ធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល០២ឆ្នាំ ពីបទលួចម៉ូតូ ហើយទើបតែចេញកាលពីខែមិថុនា ឆ្នាំ២០២៣ នេះទេ។ ដោយសព្វថ្ងៃខ្លួនក៏ជាមុខសញ្ញាប្រើប្រាស់សារធាតុញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ Phnom Penh Gendarmerie

Share This Post: