សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គ្រប់សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្សឱ្យធ្វើអំពើល្អ
- November 17, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថាគ្រប់សាសនាទាំងអស់សុទ្ធតែមានគោលបំណងដូចគ្នា គឺការអប់រំមនុស្សឱ្យធ្វើអំពើល្អនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតីសុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅវិញទៅមក។

សម្តេចធិបតីមានប្រសាសន៍ក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី «ប្រគេនសម្តេច និងព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈ មហានិកាយនៅព្រះរាជាណាចក្រកម្ពុជា» នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះនៅវត្តមុនីសុវណ្ណ (វត្តចំពុះក្អែក) ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គ្រប់សាសនាទាំងអស់ មិនថា សាសនាព្រះពុទ្ធ, សាសនាឥស្លាម, គ្រិស្តសាសនានិងសាសនាផ្សេងទៀតសុទ្ធតែមានគោលបំណងដូចគ្នាគឺការអប់រំមនុស្សនិងអ្នកប្រតិបត្តិឱ្យមានផ្នត់គំនិត ស្មារតី សុចរិតភាព ប្រព្រឹត្តអំពើល្អនិងគោរពគ្នាទៅ វិញទៅមក។
សម្ដេចនាយករដ្ឋមន្ត្រីបន្តថា នេះជាមូលដ្ឋានសម្រាប់ការរស់នៅប្រកបដោយសីលធម៌ គុណធម៌ និងការគោរពគ្នានិងសុខដុមររមនាការកំណត់តម្លៃនៅក្នុងខ្លួនគឺជាកិច្ចការសំខាន់ ហើយជាពិសេសនៅក្នុងសម័យទំនើប នៅក្នុងសម័យដែលយើងមានជម្រើសច្រើន ជាពិសេសសម្រាប់យុវជន-យុវនារី សម្រាប់កុមារដែលនឹងក្លាយទៅជាអនាគតរបស់ប្រទេសជាតិយើងដែលទាមទារចាំបាច់ នៅក្នុងការកំណត់នៃតម្លៃនៅក្នុងខ្លួនឱ្យបានច្បាស់លាស់»។
សម្ដេចធិបតីបានសម្តែងនូវមោទនភាពចំពោះការរីកចម្រើននៃព្រះពុទ្ធសាសនាក៏ដូចជាសាសនាផ្សេងទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលប្រជាជនកម្ពុជាបានគោរពទៅ តាមជំនឿសាសនារៀងខ្លួនៗប្រកបដោយសុខដុមរមនា៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






