ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុគ្គល ៤នាក់ ពាក់ព័ន្ធករណីបាញ់បោះសេរីនៅលើភ្នំគីរីរម្យ កាលពីថៃ្ងទី១១ ខែវិច្ឆិកា បញ្ជូនទៅតុលាការ

BY
Khmernote Media
November 17, 2023

ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ក្រោយមានហេតុការណ៍បាញ់បោះសេរីនៅលើភ្នំគីរីរម្យ កាលពីថៃ្ងទី១១ ខែវិច្ឆិកា ២០២៣ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ-អ្នកទេសចរណ៍ទៅលេងកំសាន្ដនៅរមណីយដ្ឋាន ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈនារីរ័ត្នគីរីរម្យ។

ដោយអនុវត្ដតាមបទបញ្ជាដ៏ម៉ឹងម៉ាត់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ អគ្គស្នងការ នគរបាលជាតិ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ និងមានការចង្អុលណែនាំពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ឯកឧត្តម ស៊ិន វីរៈ ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ កំលាំងជំនាញនៃស្នងការដ្ឋាន នគរបាលខេត្ដ ដឹកនាំដោយឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរង នគរបាលខេត្ត និងមានកិច្ចសម្របសម្រួលនីតិវិធី ពីលោកទិន សុចិត្រា ព្រះរាជអាជ្ញារង ជំនាញបានបើកការស៊ើបស្រាវជ្រាវស្វែងរកបុគ្គលពាក់ព័ន្ធក្នុងករណីបាញ់បោះសេរី (អាវុធវែង,ខ្លី ជាង២០០គ្រាប់ កាលពីរសៀលថៃ្ងទី១១ វិច្ឆិកា ២០២៣ )។

ជាក់ស្ដែងក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចនគរបាលបានកំណត់មុខសញ្ញាពាក់ព័ន្ធនិងបានស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនលើបុគ្គលឈ្មោះ កង តារាវិឆៃ ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជាម្ចាស់ផ្ទះដីចំការនិងជាអ្នកបាញ់បោះសេរីព្រមទាំងបក្ខពួក។ នៅថៃ្ងទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បក្ខពួកក្នុងចំណោមអ្នកដែលបានចូលរួមក្នុងសកម្មភាពខាងលើ ៤នាក់បានចេញមុខសារភាពចំពោះមុខសមត្ថកិច្ចនិងប្រគល់វត្ថុតាងអាវុធខ្លីគ្រប់ម៉ាកចំនួន ០៣ដើម និងបានសហការផ្ដល់ព័ត៌មានអំពីអ្នកពាក់ព័ន្ធផ្សេងទៀតជូនសមត្ថកិច្ច។

សមត្ថកិច្ចនគរបាលសំណូមពរដល់បុគ្គលពាក់ព័ន្ធពិសេសឈ្មោះ កង តារាវិឆៃ សូមប្រគល់ខ្លួននិងអាវុធជូនសមត្ថកិច្ច មុនចំណាត់ការចាប់ខ្លួន។ បច្ចុប្បន្នបុគ្គល ៤នាក់បានបញ្ជូនទៅអយ្យការ អមសាលាដំបូងខេត្ដកំពង់ស្ពឺ ចំណាត់ការនីតិវិធីបន្ដ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ

Share This Post: