ព័ត៌មានជាតិ

យុវជន ៥នាក់ ដែលបើកម៉ូតូបំពាក់ស៊ីរ៉ែនកែច្នៃខុសបច្ចេកទេស ជិះបើកផ្លូវឱ្យឡានពេទ្យនៅតាមដងផ្លូវ ត្រូវបាននគរបាលចរាចរណ៍ ហៅមកអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព

BY
Khmernote Media
November 18, 2023

រាជធានីភ្នំពេញ៖​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ក្រុមយុវជន៥នាក់ ដែលតែងតែបើកម៉ូតូបំពាក់ស៊ីរ៉ែន និងកែច្នៃខុសបច្ចេកទេស នាំឡានពេទ្យ នៅតាមដងផ្លូវនោះ ត្រូវបាននគរបាលចរាចរណ៍ ហៅមកអប់រំ និងឲ្យធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព។

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងការណែនាំរបស់សាលារដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក សែម រតនា ស្នងការរង ទទួលផែនការងារនគរបាលសណ្តាប់ធ្នាប់ និងទទួលដឹកនាំការងារនគរបាលចរាចរណ៍ផ្លូវគោក បានធ្វើការឃាត់សកម្មភាពក្រុមយុវជនចំនួន០៥នាក់ ក្នុងនោះ០២នាក់ជាប្រធានក្រុម ដោយបើកបរម៉ូតូបំពាក់សារ៉ែន កែច្នៃខុសបច្ចេកទេសច្បាប់ចរាចរណ៍ផ្លូវគោក ជិះបើកផ្លូវឱ្យរថយន្តសង្គ្រោះបន្ទាន់ ដោយគ្មានការអនុញ្ញាត ឬគ្មានការស្នើសុំច្បាប់ពីអាជ្ញាធរ ដែលសកម្មភាពនេះធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ បង្កបញ្ហាដល់អ្នកដំណើរផ្សេងទៀតក្នុងការធ្វើចរាចរណ៍។

បន្ទាប់ពីសមត្ថកិច្ចសួរនាំរួច ក្រុមយុវជនខាងលើបានទទួលកំហុសដែលខ្លួនបានល្មើសច្បាប់ចរាចរណ៍ និងបញ្ឈប់សកម្មភាពល្មើសបន្តទៀត។ ជាមួយគ្នានេះដែរ សមត្ថកិច្ចបានធ្វើការអប់រំណែនាំ ធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាពល្មើសច្បាប់ និងឱ្យដោះសម្ភារមួយចំនួន ដែលបំពាក់លើម៉ូតូខុសច្បាប់ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: