សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា «បើប្រាក់ខែឡើង តែទំនិញឡើងថ្លៃ អ៉ីចឹងគឺដដែលហ្នឹង ស៊ូឱ្យប្រាក់ខែមិនបាច់ឡើងទេ ហើយទំនិញក៏មិនបាច់ឡើងដែរ វាគ្រាន់បើជាង »
- BY
- Liny Chan
- November 20, 2023
នាព្រឹកថ្ងៃចន្ទ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា” ។
កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នេះ មានគោលដៅដូចជា៖ ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ,ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា៖ « បើប្រាក់ខែឡើង តែទំនិញឡើងថ្លៃ អ៉ីចឹងគឺដដែលហ្នឹង ស៊ូឱ្យប្រាក់ខែមិនបាច់ឡើងទេ ហើយទំនិញក៏មិនបាច់ឡើងដែរ វាគ្រាន់បើជាង »។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ទីផ្សារកសិកម្មវាមិនខុសពីទីផ្សារផលិតផលផ្សេងទេ គឺការប្រកួតប្រជែងច្រើន បច្ចេកទេសកសិកម្មគឺត្រូវតែធ្វើទំនើបកម្មជាប្រចាំ ដើម្បីបង្កើនផលិតភាព កាត់បន្ថយតម្លៃ និងធានានិន្នាការ។ ពេលដែលយើងនិយាយពីកសិកម្ម យើងតែងតែគិតអំពីតុល្យភាព ចំពោះរដ្ឋាភិបាលរវាងអ្នកប្រើប្រាស់ និងអ្នកផលិត បើអ្នកផលិតតម្លៃខ្ពស់ល្អហើយ ប៉ុន្តែពេលដែលលក់ចេញមក ឱ្យអ្នកប្រើប្រាស់ថ្លៃក៏មិនកើត វាធ្វើឱ្យមានអតិផរណា អ៉ីចឹងការកាត់គម្លាតយ៉ាងណា ផលទី១ ចូលទៅដល់កសិកររបស់យើងបានច្រើន ទី២ រក្សាលំនឹងតម្លៃនៅក្នុងទីផ្សារសម្រាប់ផលិតផល ប្រជាកសិករគាត់ចង់បានថ្លៃស្រូវខ្ពស់ តែអ្នកហូបចង់បានថ្លៃអង្ករកុំថ្លៃពេក អ៉ីចឹងតុល្យភាពរូបមន្តនេះ គឺជាអ្វីដែលរាជរដ្ឋាភិបាលគិតគូរ ថាធ្វើយ៉ាងណាធានា ហើយយើងមានទាំងផលិតផលក្នុងស្រុក និងក្រៅស្រុក ត្រូវធ្វើតុល្យភាពយ៉ាងណា ព្រោះមានសំណើជាច្រើនបានលើកឡើងថា ហេតុអ្វីបានជារដ្ឋាភិបាលមិនការពារវិស័យនេះនៅខាងក្នុង យើងចង់ប៉ុន្តែវិស័យនេះខាងក្នុងត្រូវធ្វើម៉េចធានាភាពប្រកួតប្រជែង ដើម្បីធានាផលិតផលនៅក្នុងស្រុក ប្រគល់ទៅឱ្យអ្នកទិញហូបចុកដែលមិនមែនអ្នកផលិត ធានាបានគុណភាព និងតម្លៃ បើមិនចឹងទេ យើងលំបាក ហើយអតិផរណានៃតម្លៃនេះ គឺជាកិច្ចការសំខាន់ដែលយើងត្រូវតាមដាន លោកជំទាវ ចម និម្មល បានរាយការណ៍ជាប្រចាំនូវតម្លៃសំខាន់ៗ មួយណាឡើងយ៉ាងម៉េច…. ហើយសូមបន្តតាមដានបែបនេះទៀត»។
សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា៖ «កិច្ចការនេះសំខាន់ព្រោះវាពាក់ព័ន្ធជីវភាពរបស់ប្រជាពលរដ្ឋ បើប្រាក់ខែឡើង តែទំនិញឡើងថ្លៃ អ៉ឺចឹងគឺដដែលហ្នឹង ស៊ូប្រាក់ខែមិនបាច់ឡើងទេ ហើយទំនិញក៏មិនបាច់ឡើងដែរ វាគ្រាន់បើជាង ទំនិញវាឡើងថ្លៃលឿនពេក អ៉ីចឹងពេលដែលយើងនិយាយពីផលិតផលកសិកម្ម ផលិតផលក្នុងស្រុកយើងត្រូវធានាតុល្យភាពទាំងពីរ គិតទាំងអ្នកផលិត គិតទាំងអ្នកប្រើប្រាស់ »៕
អត្ថបទ៖ លីនី
- Share This Post: