ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «វាមិនសំខាន់ទៅលើតែរឿងតម្លៃលក់នោះទេ តម្លៃផលិតក៏សំខាន់ បើការផលិតថ្លៃ ទោះលក់បានថ្លៃ ក៏នៅសល់លុយតិចដែរ»

BY
Liny Chan
November 20, 2023

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «វាមិនសំខាន់ទៅលើតែរឿងតម្លៃលក់នោះទេ តម្លៃផលិតក៏សំខាន់ បើការផលិតថ្លៃ ទោះលក់បានថ្លៃ ក៏នៅសល់លុយតិចដែរ»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះ នៅក្នុងឱកាសអញ្ជើញជាអធិបតី ប្រកាសឱ្យអនុវត្តជាផ្លូវការ​ “កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦​ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា”​ នាព្រឹកថ្ងៃចន្ទ ទី២០ វិច្ឆិកា ២០២៣ នេះ។

សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ដូច្នេះថា៖ «វាមិនសំខាន់ទៅលើរឿងតម្លៃលក់តែមួយនោះទេ តែវាសំខាន់ផងដែរទៅលើតម្លៃផលិត បានន័យថាវាសំខាន់ តើកសិករសល់លុយប៉ុន្មាន បើផលិតផលវាថ្លៃពេក ការផលិតថ្លៃ លក់ថ្លៃ ម៉េចក៏ដោយក៏វានៅសល់តិចដែរ អ្វីដែលសំខាន់ ដែលរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់នៅក្នុងការដាក់ចេញគោលនយោបាយអនុគ្រោះ និងលើកទឹកចិត្តជាច្រើនគឺធ្វើយ៉ាងណា កាត់បន្ថយតម្លៃ ដើម្បីធនាការប្រកួតប្រជែង ហើយរក្សា អ៉ីចឹងបើសិន​ពេលដែលតម្លៃលក់បានកាន់តែច្រើន ចំណូលកាន់តែច្រើន ហើយតម្លៃទាបក្នុងការផលិត រួមជាមួយនឹងការខិតខំនៅក្នុងការកាត់បន្ថយថ្លៃដឹកជញ្ជូនរបស់យើងនោះ យើងគិតថា អាចធ្វើឱ្យផលិតផលកសិកម្មរបស់យើងកាន់តែប្រកួតប្រជែង ហើយថែមទាំងនោះគឺធ្វើឱ្យផលបានសឹងទាំងអស់ទៅកសិករ ដូចខ្ញុំនិយាយចឹង ផលសំខាន់គឺមិនមែនផលដែលប្រមូលផ្ដុំនៅរដ្ឋាភិបាលទេ គោលដៅអាទិភាពនៃការអភិវឌ្ឍរបស់យើងគឺធ្វើយ៉ាងណា ចែកផលលាភនេះទៅដល់ដៃប្រជាពលរដ្ឋ នៅក្នុងវិស័យកសិកម្ម គឺដល់ដៃកសិករតែម្ដង ហើយនេះគឺជាអ្វីដែលយើងត្រូវធ្វើ រួមជាមួយទាំងអ្នកពាក់ព័ន្ធនៅក្នុងវិស័យឯកជន ចូលរួមជាចលករនៅក្នុងការពង្រឹងនេះ »៕

សូមម្រាបផងដែរថា កម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភានេះ មានគោលដៅដូចជា៖ ទី១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផល តាមរយៈកម្មវិធីហិរញ្ញប្បទាន ,ទី២. ដាក់ពង្រាយមន្រ្តីកសិកម្មឃុំ សង្កាត់ និងទី៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប៕

អត្ថបទ៖ លីនី

Share This Post: