ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសមន្ត្រីត្រូវឈរលើគោលការណ៍ «ជាប់ដោយមោទនៈធ្លាក់ដោយអស់ចិត្ត»

BY
Liny Chan
November 20, 2023

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធី នយោបាយអាទិភាពទី៥ និង ទី៦របស់រាជរដា្ឋភិបាលនីតិកាលទី៧នៃរដ្ឋសភានៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៣នេះបានថ្លែងថា ការប្រឡងជ្រើសរើសមន្ត្រីកសិកម្មឃុំសង្កាត់ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់និង នេសាទ, ក្រសួងមុខងារសាធារណៈ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញាវត្ថុ ត្រូវសហការគ្នារៀបចំការប្រកួតប្រជែងដោយធានាបានទាំងតម្លាភាពទាំងសមត្ថភាពនិងគុណភាព ព្រោះការប្រឡងច្បាស់ជាមានអ្នកធ្លាក់ហើយតែបើជាប់ «ជាប់ដោយមោទនៈ, ធ្លាក់ដោយអស់ចិត្ត» នេះជាគោលការណ៍របស់យើង។

សម្តេចធិបតីបានបន្តថា ការជ្រើសរើសត្រូវបើកទូលាយដល់បេក្ខជនដែលមានចំណេះដឹងនិងជំនាញវិជ្ជាជីវៈកសិកម្មសមស្របមានសមត្ថភាពបំពេញការងារនៅមូលដ្ឋានបានល្អប្រសើរ។ក្រសួងកសិកម្មត្រូវគិតគូរដល់ការស្នាក់នៅនិងជីវភាពរបស់មន្ត្រីឱ្យបានសមរម្យដោយមានការចូលរួមជួយគាំទ្រនិងទំនុកបម្រុងពីរដ្ឋបាលថ្នាក់ក្រោមជាតិជាពិសេសអាជ្ញាធរ ឃុំសង្កាត់ ។

សម្តេចធិបតីមានប្រសាសន៍ថា ដល់ម៉ោងនេះយើងគ្រោងរើស១,៦០០នាក់ តាមសម្តេចដឹងដាក់ពាក្យជិត ១ម៉ឺននាក់ហើយ ។ លក្ខខណ្ឌសម្តេចបានឱ្យកែមួយចំនួនលក្ខខណ្ឌដំបូងថា ទាល់តែមានបរិញ្ញាបត្រ វាដូចជាតឹងពេកហើយបរិញ្ញាបត្រយើងចង់បានប៉ុន្តែត្រូវបើកឱ្យអ្នកមានបទពិសោធន៍ជាពិសេសអ្នកធ្លាប់រស់នៅមូលដ្ឋាន ធ្វើការងារនោះយូរមកហើយ។ ឧទាហរណ៍ជាមន្ត្រី NGO ជាអ្នកស្ម័គ្រចិត្តធ្វើការនៅទីនោះជំនាញកសិកម្មយើងបើកឱ្យគាត់ចូលប្រឡង។ អញ្ចឹងយើងបើកការប្រកួតប្រជែងនេះ ហើយធ្វើម៉េចឱ្យបានត្រឹមត្រូវតម្លា ភាព យើងធានាអ្នកមានសមត្ថភាពចេះជាប់ ។ ១ម៉ឺននាក់យើងយក ២៥០នាក់ច្បាស់ជាមានអ្នកធ្លាក់ហើយតែបើជាប់ «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»នេះជាគោលការ ណ៍របស់យើង។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវដល់យុវជនដែលប្រឡងទៅធ្វើជាមន្ត្រីបច្ចេកទេសចុះជួយកសិករត្រូវធ្វើការងារដោយបេះដូង ។ ជាមួយគ្នានេះមន្ត្រីបច្ចេកទេសដែល ជ្រើសរើសទៅជួយកសិករត្រូវរើសអ្នកដែលចុះជួយជាក់ស្តែងមិនមែនប្រឡងយកតែក្របខ័ណ្ឌប្រឡងហើយទុកចោលនោះទេ។

សម្តេចធិបតីបានថ្លែងឱ្យដឹងថា ដើម្បីធានាបាននូវភាពជោគជ័យនៅក្នុងការអនុវត្តគោលនយោបាយទី ៥ និងទី៦ ដ៏សំខាន់ក៏ដូចជាការអនុវត្តនូវចក្ខវិស័យកសិកម្មដ៏សំខាន់យើងបានដាក់អនុសាសន៍ជាក់លាក់មួយចំនួនដូចជាក្រុមការងារចម្រុះសម្របសម្រួលច្រវាក់ផលិតផលកសិកម្ម ដែលជាយន្តការអន្តរក្រសួងក្នុងការរក្សាលំនឹងថ្លៃកសិផល ត្រូវបំពេញ ការងារក្នុងស្មារតីបុរេសកម្ម ក្នុងការតាមដាននិន្នាការថ្លៃកសិផលសំខាន់ៗជាប្រចាំ វាយតម្លៃផលប៉ះពាល់មកលើកសិករ និង អ្នកប្រើប្រាស់ឱ្យបានគ្រប់ជ្រុងជ្រោយនិងស្នើសុំគោលការណ៍ដើម្បីអន្តរាគមន៍បន្ទាន់ក្នុងករណីចាំបាច់ ។ ទន្ទឹមនេះក្រុមការងារត្រូវពន្លឿនរៀបចំយន្តការនិងនីតិវិធីរួមដើម្បីអនុវត្តការងារអន្តរាគមន៍ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារដើម្បីគាំទ្រដល់កសិករ និងវិស័យកសិកម្ម។

បើតាមលោករដ្ឋមន្រ្តីកសិកម្មនៅកម្ពុជាមានឃុំដែលមានសកម្មភាពកសិកម្មចំនួន ១,៥៥០ ក្នុងនោះឃុំ ភាគ ច្រើនជាឃុំសម្បូរផលិតកម្មស្រូវ (១,០០០ឃុំ) ហើយមានគ្រួសារជាកសិករ ប្រមាណ២លានគ្រួសារ ។ ដើម្បីឱ្យកសិករនៅគ្រប់ឃុំ-សង្កាត់ទទួលបានសេវាកម្មកសិកម្មក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ១,៦០០ នាក់នៅទូទាំងប្រទេស ។ ហើយនៅដើមឆ្នាំ២០២៣ ក្រសួងបានសាកល្បងដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន១០នាក់ នៅ១០ឃុំ ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ដើម្បីពន្លឿនសេវាកសិកម្មដល់កសិករ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រសួង ដាក់ពង្រាយមន្ត្រីកសិកម្មឃុំ-សង្កាត់ចំនួន ២៥០នាក់នៅឆ្នាំ២០២៣ និងចំនួន ៨០០នាក់ នៅឆ្នាំ២០២៤ និង៥៥០នាក់នៅឆ្នាំ២០២៥ ។

សម្រាប់ឆ្នាំ២០២៣នេះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនឹងរួមសហការជាមួយក្រសួងមុខងារសាធារណៈនិងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំការប្រឡងប្រជែងប្រកប ដោយតម្លាភាពដែលគ្រោងប្រព្រឹត្តទៅនៅសប្តាហ៍ទី២នៃខែធ្នូ ខាងមុខដើម្បីជ្រើសរើសមន្ត្រីកសិកម្មចំនួន ២៥០នាក់សម្រាប់ដាក់ពង្រាយនៅតាមឃុំ-សង្កាត់ក្នុងខេត្តចំនួន១៧រួម មាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង កំពត ឧត្តរមានជ័យ កណ្តាលនិង ខេត្តមណ្ឌលគិរី ដោយផ្តល់អាទិភាពដល់បេក្ខជនមានទីលំនៅក្នុងបណ្ដាខេត្តគោលដៅ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: