ព័ត៌មានជាតិ

ចោរដៃឆៅខាងកា.ប់ប្ល.ន់ ២នាក់ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ

BY
Khmernote Media
November 20, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ២០៖០០នាទីយប់ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានករណីលួចនិងប្រើហិង្សាមួយបានកើតឡើង ដោយជនសង្ស័យចំនួន០២នាក់ជិះម៉ូតូ០១គ្រឿង ប្រដាប់ដោយដាវបានធ្វើសកម្មភាពភ្ជង់គំរាមទៅលើនារីរងគ្រោះម្នាក់ យកទូរស័ព្ទ០១គ្រឿង ខណៈដែលកំពុងធ្វើដំណើរតាមផ្លូវនៅចំណុចមុខតារាងបាល់ទាត់ ផ្លូវកែងកែវចិន្តា ស្ថិតភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រហូតមកដល់វេលាម៉ោង ១៥៖៣០នាទី ថ្ងៃដដែល ក្រោយពីទទួលបណ្ដឹងរួចមក កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ បានស្រាវជ្រាវ រហូតឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ មានឈ្មោះ សុះ អារ៉ាហ្វីន ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរឥស្លាម និង ឈ្មោះ កង កែវ ហៅប្លក់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ដោយចាប់យកវត្ថុតាង ៖ ដាវចំនួន០១ដើម, ម៉ូតូ០១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ស្លាកលេខ-ភ្នំពេញ-1Y-2770 ចំណែកទូរស័ព្ទដៃ ដែលដកហូតបានពីជនសង្ស័យ ត្រូវបានសមត្ថកិច្ចអាវុធហត្ថ ប្រគល់ជូនជនរងគ្រោះវិញ។

ក្រោយពីស្ដាប់ចម្លើយជនសង្ស័យទាំង០២នាក់ បានសារភាពឲ្យដឹងដូចគ្នាថា ខ្លួនពិតជាបានធ្វើសកម្មភាពយកដាវភ្ជង់ប្លន់យកទូរស័ព្ទមួយគ្រឿង ពីជនរងគ្រោះ ពិតប្រាកដមែន។ ដោយជនសង្ស័យឈ្មោះ សុះ អារ៉ាហ្វីន បានបន្ថែមថា កន្លងមកខ្លួនធ្លាប់ជាប់ពន្ធនាគារ០១លើក គឺនៅឆ្នាំ២០១៧ ពាក់ព័ន្ធករណីលួចម៉ូតូ និងបានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១៧ ដល់បច្ចុប្បន្ន។ ចំណែកសង្ស័យឈ្មោះ កង កែវ ហៅប្លក់ ក៏បានឲ្យដឹងដែរថា កន្លងមកខ្លួនធ្លាប់ជាប់មណ្ឌលកែប្រែឱកាសខ្ញុំមួយលើក ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនកាលពីឆ្នាំ២០១៥ និងបានប្រើប្រាស់គ្រឿងញៀនតាំងពីឆ្នាំ២០១០ ដល់់បច្ចុប្បន្ន។

បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ខាងលើ ត្រូវបានកម្លាំងជំនាញអាវុធហត្ថខណ្ឌជ្រោយចង្វារ ប្រគល់ឲ្យការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ប្រភព៖ Phnom Penh Gendarmerie

Share This Post: