សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ « រដ្ឋាភិបាលនឹងរៀបចំចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញសម្រាប់ពលរដ្ឋដែលទទួលបានចំណេះពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬចេញទៅប្រកបការងារនៅក្រៅប្រទេស
- BY
- Liny Chan
- November 21, 2023
នាព្រឹកថ្ងៃអង្គារ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញសំណេះសំណាលជាមួយកម្មករនិយោជិតជិត ២ម៉ឺននាក់ តាមបណ្តារោងចក្រ សហគ្រាស ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ។
នាឱកាសនោះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា រដ្ឋាភិបាលនឹងរៀបចំឱ្យចេញវិញ្ញាបនបត្របញ្ជាក់ពីភាពជំនាញចំពោះបុគ្គលណា ដែលទទួលបានចំណេះដឹងពីជីដូនជីតា ម្ដាយឪពុក និងបានប្រកបរបរចិញ្ចឹមជីវិត ដែលសហគមន៍ទទួលស្គាល់ថា មានស្នាដៃល្អ ដើម្បីទុកសម្រាប់បន្តអាជីវកម្ម ឬ ចេញទៅប្រកបការងារនៅក្រៅប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «នឹងបន្តរៀបចំប្រព័ន្ធក្នុងការវាយតម្លៃចេញវិញ្ញាបនបត្រសម្រាប់ប្រជាពលរដ្ឋយើង ដែលមិនបានទៅរៀននៅសាលា តែគាត់មានជំនាញធ្វើការងារ ឧទាហរណ៍ដូចជា ចុងភៅ គាត់ធ្វើតាំងពីដើមមក មានបានទៅរៀនឯណា គាត់ធ្វើតាម និងចេះពីឪពុកម្ដាយគាត់បង្រៀន ឥលូវគាត់បើកហាង ហើយរសជាតិឆ្ងាញ់ អ៉ីចឹងចេញយើងរៀបចំចេញវិញ្ញាបនបត្រ គាត់អាចយកអាហ្នឹងទៅរកការងារ ឬ ទៅក្រៅប្រទេស ឬនៅក្នុងប្រទេសក៏បាន នឹងជាអ្វីដែលយើងត្រូវបន្តធ្វើទៀត »៕
អត្ថបទ៖ លីនី
- Share This Post: