ព័ត៌មានជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់សំលេងលឺខ្លាំងដល់យប់ជ្រៅ ជៀសវាងការដកអាជ្ញាប័ណ្ណចោល

BY
Liny Chan
November 21, 2023

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់បណ្តាភោជនីយដ្ឋាន និងកន្លែងកម្សាន្តផ្សេងៗ កុំបើកធុងបាស់លឺខ្លាំងៗ ហើយនៅបន្តដល់យប់ជ្រៅពេក ដែលបង្ករការរំខានដល់អ្នករស់នៅជិតខាង ជៀសវាងត្រូវអាជ្ញាធរចុះដកអាជ្ញាប័ណ្ណចោល។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំបែបនេះ នៅក្នុងឱកាសបន្តចុះជួបកម្មករ មកពីតាមបណ្តារោងចក្រ សហគ្រាសនានា ដែលមានមូលដ្ឋាននៅក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «ល្ងាចមិញបានឲ្យអាជ្ញាធរខណ្ឌទួលគោកទៅមើល កន្លែងមួយបងប្អូនគាត់បើកតន្ត្រី ដល់យប់ជ្រៅពេកគាត់នៅតែលឺសំលេងខ្លាំងៗ ហើយអ្នកជិតខាងអត់បានសម្រាក ចឹងបានសួរទៅថាបានឲ្យសន្យា ២ដងហើយតែមិនព្រម ខ្ញុំថាឥលូវអញ្ចេះ ការបត់បែនភាពទន់ភ្លន់ តែត្រូវមានភាពម៉ឺងម៉ាត់ ឥឡូវល្ងាចមិញទៅដកធុងបាស់ និងឱ្យសន្យា ហើយប្រសិនជានៅមិនស្ដាប់ទៀតអាចផ្អាកអាជីវកម្ម ហើយបើអត់ទៀតដកអាជ្ញាប័ណ្ណតែម្តង»។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀ់តថា៖ «ឥលូវនេះយើងរស់ទាំងអស់គ្នា យើងមានអាជីវកម្មស្រួលហើយ ប៉ុន្តែត្រឹមម៉ោង ៩ ម៉ោង១០ ចែកគេសម្រាកផង បន្ថយសំលេងខ្លះទៅ ចាំបាច់ក្ដូងៗធ្វើអី ហើយបើថ្ងៃបើកព្រឹត្តិការសំខាន់យូរៗម្តង គេមិនថាអីនោះទេ យើងអាចរៀបចំពីល្ងាចបានសប្បាយទាំងអស់គ្នា តែពេលយប់ឡើងអាណិតគេផងគេត្រូវការសម្រាក ព្រោះពេលខ្លះគាត់ចាស់ៗ គាត់មានជំងឺ អ្នកខ្លះគាត់អ្នកកូនខ្ចី គាត់ត្រូវការសម្រាក ហើយអាជ្ញាធរត្រូវចូលរួមមើលផង កន្លែងក្លឹបសប្បាន្តពេលរាត្រីនេះច្រើនតែមានអ្នកកាចៗ»៕

អត្ថបទ៖ លីនី

Share This Post: