ព័ត៌មានជាតិ

ណាត់គ្នាមើលកាំជ្រួច! ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា នឹងមានការអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក

BY
srey nuch
November 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ បានចេញសេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣។

គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ មានកិត្តិយសសូមទូលថ្វាយ និងសូមជម្រាបជូន សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានី ភ្នំពេញ សូមព្រះមេត្តា និងមេត្តាជ្រាបថា ក្នុងឱកាសរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅពេលខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានការចាត់តាំងអុជកាំជ្រួច នៅមុខព្រះបរមរាជវាំង តាមកាលបរិច្ឆេទដូចខាងក្រោម៖

-ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ នាទីយប់។
-ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ នាទីយប់ និងម៉ោង២៤:០០ នាទី អធ្រាត្រ។
-ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០ នាទីយប់។

អាស្រ័យហេតុនេះ សូម សម្តេច ព្រះអង្គម្ចាស់ អ្នកអង្គម្ចាស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី និងសាធារណជនក្នុងរាជធានីភ្នំពេញ ព្រះមេត្តា និងមេត្តាជ្រាបជាព័ត៌មាន ៕

ប្រភព៖ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ , ស្នាដៃរូបថត៖ លោក Meas (Sorphan Meas)

Share This Post: