អុំទូក៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត ឧបត្ថម្ភ២០ទូក សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ២០ទូក
- BY
- Liny Chan
- November 21, 2023
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តទៅនៅថ្ងៃ ១៤-១៥ កើត និងថ្ងៃ ១រោច ខែកក្តិក ត្រូវនឹងថ្ងៃទី២៦-២៧-២៨ ខែវិច្ឆិកា ឆ្នាំ ២០២៣ ដែលមានទូកចំនួន ៣៣៨ទូក និងប្រទីប៣០ នឹងចូលរួមប្រណាំង និងបណ្តែត នៅតាមដងទន្លេសាប ស្ថិតនៅមុខព្រះបរមរាជវាំង។ នេះបើយោងតាមការបញ្ជាក់របស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។
ក្នុងពិធីចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៨ ១០៨នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល នាព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា សម្ដេចឧបត្ថម្ភ ២០ទូក ចំណែកឯសម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភ ២០ទូក។
បើយោងតាមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិបានឱ្យដឹងថា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីបើកការប្រណាំងទូក នៅថ្ងៃទី២៦ ខែវិច្ឆិកា នឹងស្តេចយាងក្នុងព្រះរាជពិធីកាត់ព្រ័ត្រ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ សូមជម្រាបផងដែរថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ ២០២៣នេះ មានទូកចូលរួមប្រណាំងសរុប ៣៣៨ទូក ក្នុងនោះមានទូកអុំចំនួន ១៥៨ទូក, ទូកចែវបុរស៤២ទូក, ទូកចែវនារី១ទូក, ទូកខ្នាតអន្តរជាតិបុរសចំនួន ១៣៥ទូក នារី ២ទូក, ក្នុងនោះ មានចំណុះទូកសរុបទាំងអស់ចំនួន ២០៤៤នាក់ ដែលមកពីក្រសួង ស្ថាប័ន អង្គភាព និងរដ្ឋបាលរាជធានី-ខេត្ត សរុប ២៥។
ទន្ទឹមនេះ សម្រាប់ប្រទីបមានចំនួន ៣០ ក្នុងនោះ មកពីក្រសួង និង ស្ថាប័នរដ្ឋចំនួន ២៨ និងប្រទីបវិស័យឯកជនចំនួន២ ដែលនឹងធ្វើការបណ្តែតតាមដងទន្លេសាប មុខព្រះបរមរាជវាំង ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post: