PR

សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ ទទួលថវិកាឧបត្ថម្ភពីក្រុមហ៊ុន ជីប ម៉ុង ចំនួន២០ម៉ឺនដុល្លារ

BY
Naren
November 22, 2023

(ភ្នំពេញ)៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ទទួលថវិកាឧបត្ថម្ភឆ្នាំទី២ពីក្រុមហ៊ុន ជីប ម៉ុង ចំនួន២០ម៉ឺនដុល្លារ ដើម្បីគាំទ្រដល់សកម្មភាពមនុស្សធម៌។

នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) បានអញ្ជើញក្នុងពិធីប្រគល់ ទទួលថវិកាឧបត្ថម្ភចំនួន២០ម៉ឺនដុល្លារពីក្រុមហ៊ុន ជីប ម៉ុង ដែលតំណាងដោយអ្នកឧកញ៉ា លាង ឃុន សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង។

ពិធីប្រគល់-ទទួលថវិកាឧបត្ថម្ភនេះគឺស្ថិតនៅក្នុងអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA) ដែលមានរយៈពេល៥ឆ្នាំចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៧ ដោយក្នុង១ឆ្នាំក្រុមហ៊ុន ជីប ម៉ុង ធ្វើការប្រគល់ថវិកាឧបត្ថម្ភចំនួន ២០ម៉ឺនដុល្លារ សរុប៥ឆ្នាំគឺ ១លានដុល្លារសហរដ្ឋអាមេរិក។

នាឱកាសនោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ជីប ម៉ុង ដែលបានចូលរួមចំណែក និងជួយគាំទ្រដល់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោកន្លងមក។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ បានដំណើរការ១១ ឆ្នាំ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៣ ដែលមានសមាជិកសរុបចំនួនជាង៨ពាន់នាក់។

លោកជំទាវបណ្ឌិត បញ្ជាក់ថា ក្នុងភារកិច្ចរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ តែងតែរៀបចំសកម្មភាពកាន់តែច្រើនជាងមុនដោយផ្អែកលើចំនួននៃសមាជិកដែលកើនឡើង ក្នុងគោលដៅប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងកិច្ចការមនុស្សធម៌តែមួយប៉ុណ្ណោះ។

លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា ជាក់ស្ដែងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលជំងឺកូវីដ១៩ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានទទួលការគាំទ្រ និងជួយឧបត្ថម្ភដំបូងគេពីក្រុមហ៊ុន ជីប ម៉ុង ដោយធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីបម្រើទៅដល់តម្រូវការនានា។

លោកជំទាវបណ្ឌិត បញ្ជាក់ទៀតថា សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានប្រមូលនូវធនធានជំនាញក្នុងវិស័យសុខាភិបាល ធ្វើយ៉ាងណាប្រើប្រាស់នូវជំនាញ និងសមត្ថភាពរបស់ក្រុមគ្រូពេទ្យនីមួយៗ ដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋខ្វះខាតជាដើម។ សមាគមមានគោលដៅរៀបចំការបណ្តុះបណ្តាលគ្រូពេទ្យស្ម័គ្រចិត្តឲ្យមានជំនាញកាន់តែប្រសើរជាងនេះ ដោយធ្វើការបញ្ជូនទៅសិក្សាជំនាញទាំងនោះនៅក្តៅប្រទេស ដូចជា តៃវ៉ាន់ សធារណរដ្ឋកូរ៉េ និងបារាំង។

លោកជំទាវបណ្ឌិត បន្ថែមថា នាដើមខែធ្នូខាងមុខ សមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ នឹងរៀបចំជាសន្និសីទបង្ហាញពីវិធីព្យាបាល ហៅថា Medical Conference រយៈពេល២ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីបណ្តុះបណ្តាល និងបង្ហាញពីវិធីព្យាបាលទៅតាមប្រភេទជំងឺប្រកបដោយជំនាញ និងវិជ្ជាជីវៈ។

ជាមួយគ្នា អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា ក្រុមហ៊ុន ជីប ម៉ុង តែងតែចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍សង្គមជាតិតាមរយៈសកម្មភាពផ្សេងៗ ជាក់ស្តែងការឧបត្ថម្ភថវិកាជូនសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោនៅថ្ងៃនេះជាសកម្មភាពមួយដែលមិនអាចខ្វះបាន ដើម្បីការងារមនុស្សធម៌ជូនប្រជាពលរដ្ឋ។ អត្ថបទ សេក ឧត្តម ថត ឡាយ សុភ័ណ រូបភាព លោកជំទាវ ពេជ ចន្ទមុន្នី ២០ ១១ ២៣

Share This Post: