សមត្ថកិច្ចជំនាញ ចុះបង្ក្រាបទីតាំងលក់ចែកចាយ ផលិតផលគ្រឿងសម្អាង និងអាហារបំប៉ន ដែលនាំចូលគ្មានប្រភពច្បាស់លាស់ចំនួន ៤៨មុខ ស្ថិតនៅសង្កាត់ចោមចៅ២
- November 23, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឱ្យដឹងថា នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាល បានចុះបង្ក្រាបទីតាំងករណីនាំចូលគ្មានប្រភពច្បាស់លាស់ សន្និធិ លក់ចែកចាយផលិតផលគ្រឿងសម្អាង និងអាហារបំប៉នគ្មានច្បាប់អនុញ្ញាត នៅផ្ទះលេខ BA11+BA12 ផ្លូវបេតុង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់របស់លោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ក្រោយពីការឆែកឆេរត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញ និងដកហូតនូវវត្ថុតាងគ្រឿងសម្អាង និងអាហារបំប៉នសរុបចំនួន ៤៨មុខ (ទំងន់ ៥.៦៤១គីឡូក្រាម) នៅក្នុងនោះមានចំនួន ២៩មុខ គ្មានច្បាប់ ដោយឡែកចំនួន ០៩មុខ មានវិញ្ញាបនប័ត្រប្រវេទន៍ ប៉ុន្តែហួសសុពលភាព និងមានច្បាប់តែចំនួន ១០មុខប៉ុណ្ណោះ ដែលនាំចូលគ្មានប្រភពច្បាស់លាស់ គ្មានប្រវេទន៍ និងគ្មានច្បាប់អនុញ្ញាត ។
វត្ថុតាងខាងលើលោក ព្រះរាជអាជ្ញារង បានសម្រេចឲ្យបិទផ្លុំបេ នៅផ្ទះលេខ BA11 ជាបណ្តោះអាសន្ន និងបាននាំខ្លួនម្ចាស់ទីតាំងយកមកសារសួរបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ៕





- Share This Post:






