ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរអាកាសចរណ៍ចិន បញ្ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផ្អាកការហោះហើរយន្ដហោះ Boeing 737 Max

    BY autoadmin March 11, 2019
    អាជ្ញាធរអាកាសចរណ៍ចិន បញ្ជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផ្អាកការហោះហើរយន្ដហោះ Boeing 737 Max

    អាជ្ញាធរអាកាសចរណ៍ចិនបានបញ្ជាឱ្យក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកផ្អាកការហោះហើរយន្ដហោះ Boeing 737 Max របស់ខ្លួន បន្ទាប់ពីការធ្លាក់យន្តហោះ Boeing 737 MAX 8 កាលពីថ្ងៃអាទិត្យ ដែលប្រតិបត្តិដោយក្រុមហ៊ុនអាកាសចរណ៍អេត្យូពី។ ទស្សនាវដ្តី Caijing របស់ចិនបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក ដែលកំពុងប្រតិបត្តិការយន្តហោះចំនួន ៦០គ្រឿង បានទទួលការបញ្ជា និងបានផ្អាកការប្រើប្រាស់របស់ពួកគេពីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន (CAAC)។

    គួររំឭកថា យន្តហោះ Boeing 737 Max 8 របស់ក្រុមហ៊ុនអាកាសចរណ៍អេត្យូពីទៅក្រុង Nairobi បានបាត់ការទំនាក់ទំនងពីប៉មត្រួតពិនិត្យ ប៉ុន្មាននាទីក្រោយពីការចាកចេញពីព្រលាន កាលពីថ្ងៃអាទិត្យ ដោយបានសម្លាប់មនុស្សទាំងអស់ ១៥៧នាក់។ ហើយនេះគឺជាការធ្លាក់យន្ដហោះទីពីររបស់យន្តហោះ 737 MAX ដែលជាយន្តហោះរាងតូចទ្រវែងស៊េរីចុងក្រោយបំផុតរបស់ក្រុមហ៊ុន Boeing ដែលបានចូលបម្រើក្នុងឆ្នាំ ២០១៧។

    កាលពីខែតុលា យន្តហោះដឹកអ្នកដំណើរ Lion Air ឥណ្ឌូណេស៊ី ដែលហោះហើរពីទីក្រុងហ្សាកាតា ក៏បានធ្លាក់ចុះ ១៣នាទី ក្រោយចាប់ហោះហើរ និងបានសម្លាប់អ្នកដំណើរទាំងអស់ ១៨៩នាក់។ យ៉ាងណាមិញអ្នកនាំពាក្យក្រុមហ៊ុន Boeing បានបដិសេធសុំមិនធ្វើអត្ថាធិប្បាយនៅពេលនេះ ខណៈខាង CAAC ក៏មិនអាចទាក់ទងបានភ្លាមៗ ដើម្បីសុំយោបល់ផ្សេងៗ៕

    អត្ថបទ៖ លីដា
    ប្រភព៖ marketscreener

    Share This Post: