ព័ត៌មានជាតិ

ខេត្តសៀមរាបបានតៀមខ្លួនស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

BY
Khmernote Media
November 25, 2023

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ភាពអ៊ូអរ និងសំឡេងសើចសប្បាយរបស់ភ្ញៀវទេសចរ នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាបចាប់ផ្តើមសម្បូរឡើងវិញជាបណ្តើរៗហើយ ស្របពេលដែលខេត្តសៀមរាបបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ជាពិសេសនៅក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកដែលរដ្ឋបាលខេត្ដសៀមរាប នឹងរៀបចំកម្មវិធីនៅតាមបណ្ដោយដងស្ទឹងសៀមរាប នៅថ្ងៃទី២៦ និងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

អាជ្ញាធរខេត្ដសៀមរាប ក៏ដូចជាមន្ទីរទេសចរណ៍ខេត្ដបានអះអាងថា នៅតាមដងផ្លូវនានាបានរៀបចំតុបតែងលម្អប្រកបដោយសោភ័ណភាពស្រស់ស្អាត និងតាមទីតាំង កន្លែងគោលដៅទេសចរណ៍សំខាន់ៗមួយចំនួនក្នុងខេត្ដក៏បានរៀបចំរួចរាល់។ ចំណែកការរៀបចំកម្មវីធីកម្សាន្ដនានា ក៏ត្រូវបាន ត្រៀមរួចរាល់ផងដែរ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរដែលបានមកលេងកម្សាន្ដ នៅក្នុងខេត្ដ កាន់តែទទួលបានភាពសប្បាយរីករាយ និងសុវត្ថិភាពថែមទៀត។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា ដើម្បីរួមចំណែកក្នុងការថែរក្សា និងលើកកម្ពស់វប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ និងប្រពៃណីជាតិ ក៏ដូចជាការផ្ដល់ឱកាសជូនប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានចូលរួមកម្សាន្តសប្បាយនៅក្នុងខេត្ដនោះ រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយដងស្ទឹងសៀមរាប ចាប់ពីស្ពានអតីតមន្ទីរទេសចរណ៍ចាស់ រហូតដល់ស្ពានវត្តដំណាក់ដែលមានកម្មវិធីដូចជា ការប្រណាំងទូកពាក់កណ្តាលផ្តាច់ព្រាត់ ពិធីដង្ហែ និងបណ្តែតប្រទីប ពិធីសំពះព្រះខែ អកអំបុក។ ក្រៅពីនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ព្រមទាំងវិស័យឯកជននានា រៀបចំកម្មវិធីមួយចំនួនទៀតរួមមាន៖ ការជិះទូកកម្សាន្ត ផ្សារទឹក ការតាំងពិព័រណ៍ផលិតផលផ្សេងៗ ព្រមទាំងមានការប្រគំតន្ត្រី សិល្បៈបុរាណសម័យ និងការប្រកួតប្រដាល់គុនខ្មែរ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីញ៉ាំងឱ្យព្រះរាជពិធីបុណ្យនេះ កាន់តែមានភាពអធិកអធមថែមទៀត។

លោកប្រធានមន្ទីរបានគូសបញ្ជាក់ទៀតថា ក្រៅពីកម្មវិធីដែលបានរៀបចំ នៅឯតាមគោលដៅទេសចរណ៍សំខាន់ៗ ក្នុងខេត្តសៀមរាប ក៏បានតៀមរួចរាល់ហើយ សម្រាប់ស្វាគមន៍ភ្ញៀវទេសចរក្នុងឱកាសបុណ្យអុំទូក ដូចជា នៅតំបន់រមណីយដ្ឋានអង្គរ តំបន់ភ្នំគូលែន តំបន់ក្នុងក្រុងសៀមរាប និងតំបន់បឹងទន្លេសាបជាដើម។ ជាមួយគ្នានេះ អាជ្ញាធរក៏បានធ្វើការណែនាំឱ្យម្ចាស់កន្លែងផ្តល់សេវាកម្មទេសចរណ៍ទាំងអស់ដូចជា សេវាកម្មស្នាក់នៅ សេវាកម្មម្ហូបអាហារ និងសេវាកម្មដឹកជញ្ជូន មិនឱ្យធ្វើការដំឡើងថ្លៃនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរដែលមានមកកម្សាន្តនៅខេត្តសៀមរាបបានសប្បាយ និងពេញចិត្តចំពោះការផ្តល់សេវាទេសចរណ៍។

បច្ចុប្បន្ននេះ នៅតាមដងស្ទឹងសៀមរាប ដែលជាកន្លែងប្រារព្ធពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្រុមការងាររៀបចំ បានកំពុងតែមមាញឹកក្នុងការតុបតែង រៀបចំកន្លែងកម្សាន្តជាច្រើនកន្លែង និងតំបន់ជិះទូកកម្សាន្ត ផ្សារទឹក រួមជាមួយកម្មវិធីផ្សេងៗជាច្រើនទៀត។ ចំណែកឯក្រុមកីឡាករ កីឡាការិនី ក៏កំពុងតែធ្វើការហាត់សមទូក រៀបចំកម្លាំងតៀមប្រគួតផងដែរ។

កញ្ញា សុភាព រស់នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និងប្រជាពលរដ្ឋផ្សេងៗទៀត បានបញ្ជាក់ឱ្យដឹងថា សម្រាប់ពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងរៀបចំនៅស្ទឹងសៀមរាបពេលខាងមុខនេះ នឹងទទួលបានភ្ញៀវទេសចរមកកម្សាន្តច្រើន ដោយសារតែទី១ នៅខេត្តសៀមរាប មានតំបន់រមណីយដ្ឋានទេសចរណ៍សហគមន៍ទេសចរណ៍ច្រើន។ ទី២ ឆ្នាំនេះបើតាមដឹង និងការមើលឃើញជាក់ស្ដែងគឺមានការរៀបចំកម្មវិធីកម្សាន្តច្រើន ដែលនឹងធ្វើឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅទីនេះ ទទួលបានការសប្បាយរីករាយ ជាទីពេញចិត្ត។ កញ្ញា សុភា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតាមបណ្ដាខេត្ដ ក៏ដូចជាអ្នករស់នៅក្នុងរាជធានីភ្នំពេញ សូមអញ្ជើញមកកម្សាន្ដ ហើយកុំភ្លេចមកជួបគ្នានៅខេត្ដសៀមរាប ដើម្បីជួបជុំ ទស្សនាសប្បាយរីករាយទាំងអស់គ្នា។

យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឱ្យដឹងថា គិតត្រឹមរយៈពេល១០ខែ ឆ្នាំ២០២៣នេះ មូលដ្ឋានអាជីវកម្មទេសចរណ៍ក្នុងខេត្តសៀមរាបទើបតែបើកដំណើរការឡើងវិញបានចំនួន៧៣,៦៤% នៃចំនួនអាជីវកម្មក្នុងខេត្តសៀមរាប ក្នុងឆ្នាំ២០១៩ សរុប ១ ១៦៥ ទីតាំង ក្នុងនោះ សណ្ឋាគារបានបើកឡើងវិញប្រមាណ ១៥៨ ទីតាំង ដែលមាន ៨ ២៨៥ បន្ទប់ ស្មើនឹង ៦៩.២៩%។ ផ្ទះសំណាក់ ២១៧ ទីតាំង ដែលមាន ៣ ៧៧០ បន្ទប់ ស្មើនឹង ៧០% និងភោជនីយដ្ឋាន ១២៨ ទីតាំង ស្មើនឹង ៦៥.៣០% ខណៈដែលចំនួនទេសចរដែលមកដល់ខេត្តសៀមរាបវិញ មានជើងហោះហើរចូលចំនួន១៩ ទៅ២៣ជើង ក្នុងមួយថ្ងៃ ហើយមានអ្នកដំណើរចំនួនចន្លោះពី ២ ០០០ ទៅ ២ ៣០០ នាក់៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share This Post: