ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ពិធីបុណ្យអុំទូកឆ្នាំនេះ ប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញ និងអ្នកមកពីតាមបណ្ដាខេត្ត រួមទាំងជនជាតិបរទេស ចូលរួមយ៉ាងច្រើនកុះករ

BY
Khmernote Media
November 29, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ មានការសប្បាយរីករាយយ៉ាងខ្លាំង ដែលបានចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំ២០២៣នេះ។

យោងតាមបណ្តាញសង្គមតេឡេក្រាម សម្តេចធិបតី បានគូសបញ្ជាក់ថា ឆ្នាំនេះមានបងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នករាជធានីភ្នំពេញនិងអ្នកមកពីតាមបណ្ដាខេត្ត ក៏ដូចជាជនជាតិបរទេសដែលមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជាបានចូលរួមយ៉ាងច្រើនកុះករ ក្នុងរយៈពេល ៣ថ្ងៃនេះ។

សម្តេចធិបតី ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប សាលារាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់អង្គភាព និងរាល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលបានសហការគ្នាក្នុងការរៀបចំពិធី ដែលបានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខសណ្ដាប់ធ្នាប់ល្អ ដែលបង្កលក្ខណៈឱ្យប្រជាពលរដ្ឋយើងបានចូលរួមសប្បាយរីករាយ។

ឆ្លៀតនាឱកាសនោះ សម្តេចធតិបតី ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះបងប្អូនគណៈកម្មការគ្រប់គ្រងការប្រកួតក៏ដូចជាកីឡាករ កីឡាការនីដែលចូលរួមក្នុងការប្រណាំងទូក និងក្រុមការងារពាក់ព័ន្ធទាំងអស់ដែលបានខិតខំអស់កម្លាំងកាយចិត្តក្នុងការគ្រប់គ្រងការប្រកួត ក៏ដូចជាខិតខំប្រកួតដោយស្មារតីសាមគ្គីភាព និងគោរពគ្នាទៅវិញទៅមក ដែលធ្វើឱ្យការប្រកួតអុំទូកនេះមានភាពជោគជ័យជារួម ទោះជាលទ្ធផលយ៉ាងណាក៏ដោយសម្រាប់ទូកនីមួយៗ។

សម្តេច បានថ្លែងអំណរគុណដល់បណ្ដាក្រសួងស្ថាប័ន និងក្រុមហ៊ុនឯកជនដែលបានចូលរួមរៀបចំប្រទីបស្អាតៗទាំងសោភ័ណភាព ទាំងអត្ថន័យល្អៗ ដើម្បីបង្ហាញដល់បងប្អូនប្រជាពលរដ្ឋបានទស្សនាក្នុងពេលរាត្រី ក្រោយពេលប្រណាំងទូកបានបញ្ចប់ក្នុងថ្ងៃនីមួយៗ។

ជាមួយគ្នានេះដែរ សម្តេចធិបតី បានគូសបញ្ជាក់ថា ការរៀបចំកន្លែងកំសាន្ត និងការប្រគំតន្ត្រីជាច្រើនកន្លែង បានញ៉ាំងឱ្យពិធីនេះកាន់តែមានភាពអធិកអធម និងសប្បាយរីករាយសម្រាប់បងប្អូនប្រជាពលរដ្ឋ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: