វ៉ូវីណាមកម្ពុជា បន្តឈ្នះមេដាយសរុប ១៧គ្រឿងជើងឯកពិភពលោក និងឈរលេខ៣ ក្នុងចំណោម ៣៥ប្រទេស
- November 29, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមជម្រើសជាតិវ៉ូវីណាមកម្ពុជាបានបន្តយកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធកើនឡើង សរុបចំនួន ១៧គ្រឿង បើគិតត្រឹមបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្នុងព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ពីថ្ងៃទី២២-៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ខណៈកម្ពុជាកំពុងឈរលេខ៣បណ្តោះអាសន្ន នៃតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសចូលរួម។

ក្រុមកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយសរុបចំនួន ១៧គ្រឿងនេះ គឺមេដាយមាស ៥គ្រឿង មេដាយប្រាក់ ៣ និងសំរឹទ្ធ៩ គ្រឿង។ ក្នុងនោះមេដាយបន្ថែម ដែលរកបានក្នុងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមេដាយមាស៣គ្រឿង និងមេដាយសំរឹទ្ធ២គ្រឿង ដោយមេដាយមាស៣គ្រឿងបន្ថែមនេះដណ្តើមបាន១គ្រឿងដោយកីឡាការិនី ប៉ាល់ ឆរស្ម៊ី លើវិញ្ញាសាមេគុនកាំបិតនារីឯកត្តជន, ១គ្រឿងដណ្តើមបានលើវិញ្ញាសាមេគុនដាវក្រុម៤នាក់ ដោយកីឡាករ ម៉េត សារី, អ៊ឹម ឡាំងឈុង, នី ទីហ្សា និងកីឡាករ ម៉ែន សុខវិច្ឆិកា ខណៈមេដាយមាស១គ្រឿងទៀតដណ្តើមបានដោយកីឡាការិនី ជុក សុម៉ាលី លើវិញ្ញាសាប្រយុទ្ធនារី ទម្ងន់ ៦០គីឡូក្រាម។
ដោយឡែកមេដាយមាស ២គ្រឿង ដែលដណ្តើមក្នុងការប្រកួតពីថ្ងៃទី២៥-២៧ ខែវិច្ឆិកា គឺមេដាយមាស១គ្រឿងដណ្តើមបានដោយកីឡាករ សៀន ចាន់ហួត លើវិញ្ញាសាមេគុនដំបងឯកត្តជន និងមេដាយមាស១គ្រឿងទៀត ដណ្តើមបានលើវិញ្ញាសាសម្ដែងមេគុនក្រុម ដណ្តើមបានដោយកីឡាករ ម៉េត សុភ័ក្ដ្រា, សាន សុជាតិ, ជិន ពិសិដ្ឋ, កីឡាការិនី ឃន ចាន់សុភ័ក្រនាថ, ប៉ាល់ ឆរស្ម៊ី និងពៅ សុខា។
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាគូសបញ្ជាក់ថា ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៧ នៅប្រទេសវៀតណាម ឆ្នាំ២០២៣នេះមានប្រទេសចូលរួមសរុបចំនួន៣៥ប្រទេស ខណៈប្រភេទកីឡាវ៉ូវីណាមកម្ពុជាបានចូលរួមប្រកួតលើ ២៥វិញ្ញាសា។ ការប្រកួតនៅសល់២ថ្ងៃទៀត គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ដោយកម្ពុជានៅតែមានសង្ឃឹមថានឹងអាចដណ្តើមបានមេដាយជូនជាតិបន្ថែមទៀត។ គិតត្រឹមពេលនេះ កម្ពុជាកំពុងឈរនៅចំណាត់ថ្នាក់លេខ៣ ក្នុងតារាងមេដាយ ក្នុងចំណោម៣៥ប្រទេសដែលចូលរួមប្រកួតប្រជែង។
ប្រធានសហព័ន្ធរូបនេះបន្ថែមថា ការដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ១៧គ្រឿង និងឈរលេខ៣បណ្តោះអាសន្ននេះ ក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោក ឆ្នាំ២០២៣ គឺដោយសារសក្តានុពលរបស់វ៉ូវីណាមកម្ពុជា ដែលធ្លាប់ចូលរួមប្រកួតប្រជែងក្នុងការប្រកួតកម្រិតភពលោក អាស៊ី និងអាស៊ីអាគ្នេយ៍ ដែលសមត្ថភាពរបស់អត្តពលិកកម្ពុជាខិតខំប្រឹងប្រែងហ្វឹកហាត់យ៉ាងខ្លាំង និងគ្រូបង្វឹក ក្រោមការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ផងដែរ៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






