សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នៅឆ្នាំនេះរាជរដ្ឋាភិបាលត្រៀម ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃអគ្គិសនី រដ្ឋសុខចិត្តខាតឱ្យតែពលរដ្ឋទទួលបានតម្លៃទាប
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅឆ្នាំនេះ រាជរដ្ឋាភិបាលត្រៀម ១០០លានដុល្លារ សម្រាប់ជួយទប់ទល់ការឡើងថ្លៃអគ្គិសនី។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ «នៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ហេតុអ្វីបានជារាជរដ្ឋាភិបាលនៅកម្ពុជាយើង នៅពេលដែលស្ថានភាពនៅច្រើនប្រទេសណាស់ សូម្បីប្រទេសជិតខាងយើង ក៏ទើបតែដំឡើងថ្លៃអគ្គិសនី នៅសាំងហ្គាពួរ ថ្ងៃមុន គាត់ដំឡើងថ្លៃប៉ុន្មានភាគរយនោះ ហើយបើនៅអង់គ្លេសវិញ ខ្ញុំធ្លាប់រៀននៅហ្នឹង សួរមិត្តភក្កិដែលនៅទីនោះ គាត់ថា ឡើងខ្លាំងមែនទែន ហើតអ្វីបានជាប៉ុន្មានឆ្នាំនេះ កម្ពុជា យើងធានាបាននូវថ្លៃភ្លើង រក្សាតម្លៃមិនឡើង ហើយថែមទាំងនូវអាចធានាទម្លាក់ថ្លៃភ្លើងមួយចំនួន ដូចឯកឧត្តម កែវ រតនៈ ថា យើងអាចទម្លាក់ថ្លៃភ្លើងលើកទឹកចិត្ត ទោះមិនបានច្រើនក៏ដោយ ៣ខែសម្រាប់វិស័យកសិកម្មឧស្សាហកម្មមួយចំនួន។ ឥលូវយើងគ្រោងគិតមើល នៅក្នុងវិស័យទេសចរណ៍មួយចំនួន ដើម្បីទម្លាក់ទៅលើអ្នកប្រើប្រាស់ ដើម្បីជួយលើកទឹកចិត្តគាត់ឱ្យប្រើច្រើន សួរថា រដ្ឋខាត ឬ ចំណេញ? រដ្ឋអត់ចំណេញទេ ក្នុងប៉ុន្មានឆ្នាំនេះ រដ្ឋខាត ក្នុងមួយឆ្នាំយើងគ្រោង ក្រៅពីខាត ឆ្នាំនេះយើងគ្រោង ១០០លានដុល្លារ សម្រាប់ឧបត្ថម្ភធន ដែលឯកឧត្តម កែវ រតនៈ និយាយ។ ១០០លានដុល្លារ សម្រាប់ឧបត្ថមធននេះសម្រាប់ធ្វើអី គឺសម្រាប់យកទៅទប់ថ្លៃភ្លើងដើម្បីឱ្យប្រជាពលរដ្ឋទទួលបានតម្លៃទាប បើគិតពីរឿងផលិតកន្លែងខ្លះអត់ស្មើគ្នាទេ តែដើម្បីឱ្យឯកភាពរដ្ឋសុខចិត្តខាត កន្លែងខ្លះ ដើម្បីឱ្យប្រជាពលរដ្ឋបានថ្លៃភ្លើងថោក ព្រោះយើងឱ្យអាទិភាព ២ ទី១ គឺជីវភាពរបស់ប្រជាពលរដ្ឋ កុំឱ្យគាត់មានការលំបាក ហើយកាន់តែថ្លៃភ្លើងឡើងច្រើន ទី២ ជួយរក្សាលំនឹងស្ថេរភាពការអភិវឌ្ឍសេដ្ឋកិច្ចតាមវិស័យផ្សេងៗដើម្បីបើថ្លៃភ្លើងគាត់ថោក គាត់អាចដំណើរការបានល្អ ជាពិសេសនៅក្នុងដំណាក់កាលកូវីដ ក្រោយកូវីដនេះ ដែលជាការលំបាក នេះហើយដែលជាគោលនយោបាយដែលយើងហៅថាជាគោលនយោបាយត្រឹមត្រូវ» ៕





អត្ថបទ៖ លីនី