ព័ត៌មានជាតិ

យុវជន អន ផានិត មកបំពេញឯកសារនៅទីស្នាក់សមាគម អ.ម.ត ដើម្បីទទួលយកអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត

BY
Khmernote Media
December 1, 2023

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ម្សិលមិញនេះ យុវសិស្ស អន ផានិត ដែលទើបប្រឡងមធ្យមសិក្សាទុតិយភូមិជាប់និទេ្ទស (A) ដែលមានឪពុកម្តាយជាជនមានពិការភាព និងមានជីវភាពខ្វះខាត បានមកបំពេញឯកសារនៅទីស្នាក់សមាគម អ.ម.ត ដើម្បីទទួលយកអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

បើយោងតាមតេឡេក្រាមផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយទទួលបានការសន្តោសប្រណីដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី, នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សិស្សឈ្មោះ អន ផានិត មកពីវិទ្យាល័យជាស៊ីមអង្គរជ័យ ខេត្តកំពត ដែលទទួលបាននិទ្ទេស A ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២-២០២៣ បានមកបំពេញឯកសារនៅទីស្នាក់សមាគម អ.ម.ត ដើម្បីទទួលយកអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ទៅសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ »

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងផ្គត់​ផ្គត់ផ្គង់​យុវជន​អន ផានិត និងក្រុមគ្រួសារដោយ ជួយឱ្យបានចូលរៀនជំនាញវិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃ រួមជាមួយការផ្ដល់ជូនមធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែក្នុងការរៀនសូត្រ។ ទទួលបានការស្នាក់នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង។ សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ លោក សេង ទៀង និងលោកនាយឧត្តមសេនីយ៍ ខេង សាម៉េត ចុះផ្ទាល់ និងជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារ។ ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេកន្លងមកឱ្យអស់។ឧបត្ថម្ភប្រចាំខែ១លានរៀលដល់ក្រុមគ្រួសារយុវសិស្ស អន ផានិតដើម្បីសម្រួលជីវភាព៕

Share This Post: