ព័ត៌មានជាតិ

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ដាក់ផែនការឱ្យរដ្ឋបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍

BY
Khmernote Media
December 1, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដាក់ផែនការឱ្យរដ្ឋបាលរាជធានី-ខេត្ត បង្កើតផ្សាររាត្រី ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសផ្សព្វផ្សាយផែនការជាតិទស្សវត្សសកម្មភាពសុវត្ថិភាព ចរាចរណ៍ផ្លូវគោកលើកទី២ ឆ្នាំ២០២១-២០៣០ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « ខ្ញុំសូមស្នើឱ្យឯកឧត្តមអភិបាលរាជធានី-ខេត្ត ពិនិត្យក្នុងការបង្កើតផ្សាររាត្រីឱ្យបានច្រើន ហើយកំណត់តំបន់មួយចំនួន ដែលជាចុងសប្ដាហ៍ ក្នុងមួយអាទិត្យ គឺយើងអាចចាប់ផ្ដើមពីរថ្ងៃសិន បើមានភាពទាក់ទាញបន្តបន្ទាប់ យើងអាចចាប់ផ្ដើមបីរថ្ងៃ ក្នុងមួយអាទិត្យ គឺដូចនៅក្នុង ផាប់ស្ទ្រីត ចឹង។ »

ដូចនេះ សូមឱ្យឯកឧត្តមអភិបាលខេត្ត ពិនិត្យយកទីតាំងណាមួយនៅក្នុងខេត្តរបស់ខ្លួន ដើម្បីជាភាពទាក់ទាញភ្ញៀងទេសចរណ៍ ដោយសូមឱ្យផ្ដោតទៅលើការងារ ២ធំៗ គឺទី១.សន្តិសុខ និងទី២.​កន្លែងចំណត ព្រោះមិនអាចបិទបាំងហើយ ធ្វើឱ្យមានការកកស្ទះចរាចរ ប្រជាពលរដ្ឋកាន់តែស្ដីបន្ទោសបន្ថែមទៀតទេ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានមានប្រសាសន៍បន្ថែមថា «ដូច្នេះ ខ្ញុំសូមស្នើឱ្យឯកឧត្តមអភិបាលរាជធានី-ខេត្ត មេត្តាពិនិត្យ ហើយក្នុងផែនការនេះ ខ្ញុំគិតថានឹងអាចចាប់ផ្ដើមបាននៅដើមខែមករា ឆ្នាំ២០២៤ ក្នុងគោលដៅ ដើម្បីទាក់ទាញភ្ញៀងទេសចរណ៍បន្ថែមទៀត ដល់ខេត្តរបស់យើង» ៕ សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: