សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទជំងឺនៅក្នុងភូមិ ឃុំ ដើម្បីបែងចែកថ្នាំឱ្យចំគោលដៅ
- December 2, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្នុងដំណើរការពិភាក្សា និងឆ្លង លើរបាយការណ៍វឌ្ឍនភាព នៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល សម្ដេចធិបតី បានផ្តល់អនុសាសន៍ឱ្យផ្ដោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ក្នុងនោះធនធានមនុស្សត្រូវពង្រីកបរិមាណនិងពង្រឹងគុណភាព ព្រមទាំងគិតគូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាព និងប្រើឱ្យចំនឹងជំងឺ។ ក្នុងន័យនេះសម្ដេចធិបតី បានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទជំងឺនៅក្នុងភូមិ ឃុំដើម្បីបែងចែកថ្នាំឱ្យចំគោលដៅ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពី លទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី។

សេចក្ដីប្រកាសព័ត៌មានដដែល បានឱ្យដឹងថា របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាលក្នុងចំណោមគោលនយោបាយអាទិភាពចំនួន ៦ ដែល សម្ដេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យប្រជុំដំបូងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ «ពង្រីកសេវាថែទាំសុខភាព ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសាកល»។ ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន ៣ ត្រូវបានដាក់ចេញដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាលដោយផ្ដោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាពបឋមនៅមូលដ្ឋាន រួមមាន៖
ទី១-ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយយកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលឌីជីថល។
ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្មការឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈ និងគ្រោះអាសន្នសុខភាពនិងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយសមធម៌ និងគណនេយ្យភាពខ្ពស់ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន។
និងទី៣ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។
ក្រសួងសុខាភិបាល បានអនុវត្តវិធានការគន្លឹះទាំង ៣ នេះដោយសម្រេចបានលទ្ធផលការងារយ៉ាងធំធេងគួរឱ្យកត់សម្គាល់។ ឈរលើមូលដ្ឋានខាងលើនេះ ក្រសួងសុខាភិបាល បានដាក់ចេញសកម្មភាពសំខាន់ៗចំនួន ៨ ដើម្បីឱ្យវិធានការគន្លឹះទាំង ៣ បន្តសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលរួមមាន៖
ទី១-បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អគុណភាពសវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣ ដោយប្រើប្រាស់ឧបករណ៍វាយតម្លៃកម្រិត២។
ទី២-ពង្រីកសេវាជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមនៅមណ្ឌលសុខភាព។
ទី៣-ពង្រឹងកិច្ចដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិនៅក្នុងតំបន់ទទួលខុសត្រូវរបស់មណ្ឌលសុខភាពនីមួយៗ។
ទី៤-ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ និងសេវាសល្យសាស្ត្រ(វះកាត់)នៅមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។
ទី៥-ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។
ទី៦-បង្កើនសមត្ថភាពបច្ចេកទេសគ្លីនិកដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។
ទី៧-អភិវឌ្ឍសមត្ថភាពស្ថាប័ន និងទី៨-បន្តពង្រឹងការគ្រប់គ្រងសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ឱ្យមានអនុលោមភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕




ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






