ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសស្រ្តី ៥នាក់ ដែលបង្ហោះ និងឡាយវីដេអូក្នុងបណ្តាញសង្គម ប្រើពាក្យពេចន៍មិនសមរម្យ ធ្វើឱ្យប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរ

BY
srey nuch
December 4, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំបញ្ជាកម្លាំងជំនាញ ស្រាវជ្រាវឃាត់ខ្លួនបុរសស្រ្តីចំនួន០៥នាក់ ដែលបានបង្ហោះ និងឡាយវីដេអូ ក្នុងបណ្តាញសង្គម និងបណ្តាញ Tik Tok ករណី ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម។

-កើតហេតុ៖ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២០:០០នាទី។
-ចំណុច៖ ផ្ទះជួល ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

ជនសង្ស័យ ចំនួន ០៥នាក់រួមមាន៖
១.ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន ភេទស្រីអាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
២.ឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៣.ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ ជានជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៤.ឈ្មោះ ចាន់ សុភ័ក្ត្រ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
៥.ឈ្មោះ ដេត វ៉ាន់ធី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផលិតផលអនឡាញ ។
-អ្នកទាំង ០៥នាក់ខាងលើ បានស្នាក់នៅជួលផ្ទះ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ។

វត្ថុតាងចាប់យករួមមាន៖
-ទូរស័ព្ទដៃចំនួន ០៧គ្រឿង
១.ម៉ាក VIVO ROM ពណ៌ផ្កាឈូក ,២.ម៉ាក SAMSUNG ពណ៌បៃតង, ៣.ម៉ាក OPPO Find X5 ពណ៌ស, ៤.ម៉ាក IPhone 11 Pro Max ពណ៌ខ្មៅ, ៥.ម៉ាក OPPO A92 ពណ៌ខ្មៅ, ៦.ម៉ាក HUAWEI NOVA3 ពណ៌ខៀវ, ៧.ម៉ាក IPhone 12 Pro Max ពណ៌ខ្មៅ។

សភាពរឿងហេតុ៖
កាលពីថ្ងៃទី០៣.០២.២០២៣ ឈ្មោះ ស៊ុន សាំងលី ហៅក្រៅ ម៉ាក់លីន បានមកជួលផ្ទះ នៅបុរីចតុមុខ២ ស្ថិតនៅ ភូមិស្វាយជ្រុំ សង្កាត់ស្វាយជ្រុំ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល ដើម្បីលក់ផលិលផលរបស់ខ្លួនដូចជា៖ ថ្នាំពង្រីកដើមទ្រូង ទឹកអនាម័យ ទឹកក្រមុំ កុងគូរូ វីតាមីនប៊ីខេ ។ក្រោយមកឈ្មោះ ស៊ុន សាំងលី បានទំនាក់ទំនង ឈ្មោះ ចាន់ សុភ័ក្រ្ត ភេទប្រុស អាយុ២៩ឆ្នាំ និងឈ្មោះ ជី វ៉ាន់ធី ភេទប្រុស អាយុ២៥ឆ្នាំ ដើម្បីមកថតឃ្លីបវីដេអូ រឿងកំប្លែង នឹងថតផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ថែមទាំងផ្សាយផ្ទាល់តាមគណនីហ្វេសប៊ុក Page (ផេក) Mak Lin 18 ។
លុះដល់ថ្ងៃទី០១.១០.២០២៣ ឈ្មោះ ទូច ស្រីមី ហៅក្រៅ អាមៀវ ភេទស្រី អាយុ២៩ឆ្នាំ និងឈ្មោះ ម៉ើ ស្រីលាក់ ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ បានមកជួយឡាយវីដេអូលក់ផលិតផលរបស់ខ្លួន ដោយស៊ីភាគរយក្នុងមួយប្រអប់លក់បាន ៣៥$ (សាមសិបប្រាំដុល្លារ) ទទួលបានប្រាក់ចំនួន ៥$ (ប្រាំដុល្លារ) ពីឈ្មោះ ស៊ុន សាំងលី ចំណែកការស្នាក់នៅនិងបរិភោគគឺឈ្មោះ ខាងលើជាអ្នកទទួលខុសត្រូវ ទាំងស្រុង ។
លុះនៅថ្ងៃទី២៧.១១.២០២៣ វេលាម៉ោង ២០:០០នាទី ស្រាប់តែឈ្មោះ ម៉ើ ស្រីលាក់ បានឡាយលក់ផលិតផលរបស់ខ្លួនខាងលើ ដោយឱ្យឈ្មោះ ទូច ស្រីមី ឈរពីក្រោយខ្នងខ្លួនកំពុងតែអង្គុយឡាយវីដេអូ ចាំទះដៃ និងស្រែកបន្ទរ នៅពេលកំពុងឡាយវីដេអូនោះ ឈ្មោះ ម៉ើ ស្រីលាក់ បានស្រែកខ្លាំងៗ ហើយប្រើពាក្យ អាសអាភាស ចំអាសជាច្រើន ចំណែកឈ្មោះ ទូច ស្រីមី បានទះដៃ និងស្រែកបន្ទរ នូវពាក្យពេចន៍មិនសមរម្យធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ស្ត្រីខ្មែរថែមទៀតផង។

+ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវបានចៅក្រមសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ដោយចោទប្រកាន់អំពើនេះ ជាបទល្មើស ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ,ញុះញង់ឱ្យមានការរើសអើង និងសញ្ចារកម្ម តាមបញត្តិមាត្រា ២៨៤,មាត្រា ៤៩៥ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province

Share This Post: