ព័ត៌មានជាតិ

ក្មេងស្រីម្នាក់ កើតជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរបំផុត រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះទាន់ពេលវេលា

BY
Khmernote Media
December 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ក្មេងស្រីម្នាក់ អាយុ ៩ឆ្នាំ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរ បណ្ដាលឱ្យអស់ជីពចរជាច្រើនដង រហូតដល់សន្លប់បាត់ស្មារតី ត្រូវបានក្រុមគ្រូពេទ្យមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ជួយសង្គ្រោះឱ្យមានជីវិតរស់ឡើងវិញ។

តាមរយៈការបង្ហោះពីគណនីហ្វេសប៊ុករបស់ Dr. Beat Richner បានបញ្ជាក់ថា ក្មេងស្រីម្នាក់នេះ អាយុ៩ឆ្នាំ ត្រូវបានព្យាបាលជំងឺគ្រុនឈាម បញ្ចូលសេរ៉ូមអស់២លីត្រ មុខមកដល់មន្ទីរពេទ្យគន្ធបុប្ផា គាត់ មានជំងឺគ្រុនឈាមកម្រិតធ្ងន់ធ្ងរស្មុគស្មាញបំផុត (EDS): អស់ជីពចរច្រើនដង (iterative and impending shock syndrome) និងហូរឈាមក្នុងក្រពះពោះវៀន និងហើមសួត ចុងក្រោយសន្លប់បាត់ស្មារតី។

ក្មេងស្រីនេះ ត្រូវបានសង្រ្គោះជីវិត ដោយប្រើឈាមប្លាស្មាអស់ ១០ប្លោក និងចម្រោះប្លាកែត សរុបអស់ “៤ប្លោក” និងប្រើជំនួយម៉ាស៊ីនសប់ដង្ហើម ថែទាំព្យាបាលអស់រយៈពេល២៨ថ្ងៃ។ ថ្ងៃនេះ ក្មួយស្រីមានជីវិតរស់ឡើងវិញ ដោយស្នាមញញឹមសូមអរគុណ និងកោតសរសើរដល់ក្រុមគ្រូពេទ្យឯកទេសសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ ដែលបានសង្គ្រោះជីវិតមួយនេះ អរគុណមជ្ឍមណ្ឌលជាតិផ្តល់ឈាម ដែលតែងតែផ្តល់ចម្រោះប្លាកែតទាន់ពេលវេលា ដោយឥតគិតថ្លៃ។

Dr. Beat Richner ​បានអំពាវនាវដល់អាណាព្យាបាលទាំងអស់ រួមគ្នាកំចាត់និងបំបាត់ជម្រកមូសខ្លា ការពារបុត្រធីតា កុំឲ្យមូសខ្លាខាំ ព្រោះថាជំងឺគ្រុនឈាមនេះ អាចវិវត្តយ៉ាងលឿនទៅជាធ្ងន់ធ្ងរស្មុគស្មាញ និងបណ្តាលឲ្យហូរឈាមក្រពះពោះវៀន និងហើមសួត, ជាករណីពិបាកព្យាបាលនិងមានហានិភ័យខ្ពស់ទៀតផង ៕

ប្រភព៖ Dr. Beat Richner

Share This Post: