សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្ដល់ការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រផងដែរ»
នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកម្មវិធីជាតិ ជំនួយសង្គមក្នុងកញ្ចប់គ្រួសារ» និង «គោលការណ៍ណែនាំស្តីពីក្របខណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន» ។

ក្នុងឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តាមរយៈកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្តល់នូវការឧបត្ថម្ភគោលសម្រាប់គ្រួសារដែលមានបណ្ណសមធម៌ទាំងអស់ និងគិតគូរដល់សមាជិកគ្រួសារដែលរស់នៅជាមួយមេរោគ/ជំងឺអេដស៍ផងដែរ។
សម្ដេចធិបតី បានមានប្រសាសន៍ថា៖ « បន្ថែមលើកម្មវិធី ៤នេះ កញ្ចប់គ្រួសារមានការឧបត្ថម្ភគោលសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ក្នុងគោលបំណងឆ្លើយតបទៅនឹងតម្រូវការរបស់បុគ្គលក្នុងវដ្ដជីវិត និងផ្ដល់ដំណោះស្រាយគ្រប់ជ្រុងជ្រោយចំពោះហានិភ័យនិងភាពងាយរងគ្រោះនានា។ ជាមួយគ្នានេះរាជរដ្ឋាភិបាល នឹងបន្តពង្រឹងការអនុវត្តកម្មវិធីជាតិជំនួយសង្គមនៅក្នុងកញ្ចប់គ្រួសារនេះ តាមរយៈការពង្រឹងប្រព័ន្ធបញ្ជូនបន្ត នឹងបណ្ដាញតភ្ជាប់ទៅកាន់សេវានិងកម្មវិធីផ្សេងៗទៀត ដើម្បីធ្វើឲ្យប្រព័ន្ធគាំពារសង្គមកាន់តែមានលក្ខណៈទូលំទូលាយផងដែរ »។
ជាមួយគ្នានេះសម្ដេចធិបតី បានគូសបញ្ជាក់ថា៖ «ខ្ញុំសូមបញ្ជាក់ថា កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ជាកម្មវិធីជំនួយសង្គមដែលមានលក្ខណៈប្រក្រតី និងជាទម្រសម្រាប់បន្តជួយទ្រទ្រង់ជីវភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះបន្ទាប់ពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ត្រូវបិទបញ្ចប់ ដោយចាកចេញបន្តិចម្តងបន្តិចម្តងចាប់ពីខែមករា ឆ្នាំ២០២៤ ហើយឈានទៅអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ចាប់ពីខែមេសា ឆ្នាំ២០២៤តទៅ »៕



កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ក៏ផ្ដល់ការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រផងដែរ