ព័ត៌មានជាតិ

សារមន្ទីរខេត្តបាត់ដំបង នឹងបើកទទួលភ្ញៀវបរទេសចូលទស្សនា ចាប់ពីដើមខែមករា ឆ្នាំ២០២៤

BY
Khmernote Media
December 6, 2023

ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សារមន្ទីរខេត្តបាត់ដំបងនឹងចាប់ផ្ដើមលក់សំបុត្រ សម្រាប់ ភ្ញៀវទេសចរបរទេសចូលទស្សនា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះតទៅ ហើយចំពោះ ភ្ញៀវទេសចរជាជនជាតិខ្មែរមិនតម្រូវឱ្យមានការបង់ប្រាក់ឡើយ។

នេះបើយោងតាមសេចក្ដីជូនដំណឹង របស់មន្ទីរវប្បធម៌ និង វិចិត្រសិល្បៈខេត្តបាត់ដំបងបានឱ្យដឹងថា តម្លៃសំបុត្រចូលទស្សនាសារមន្ទីរខេត្តបាត់ដំបង សម្រាប់ភ្ញៀវជនជាតិខ្មែរ មិនមានការគិតថ្លៃ នោះទេ ។ ភ្ញៀវទេសចរបរទេស អាយុក្រោម ១០ឆ្នាំខាងមន្ទីរក៏មិនគិតថ្លៃសំបុត្រដូចគ្នា ប៉ុន្តែជនបរទេសដែលមានអាយុចាប់ពី១១ឆ្នាំឡើងទៅ តម្លៃសំបុត្រគឺ ១២.០០០រៀល ក្នុង១នាក់ ( មានសុពលភាព១ថ្ងៃ ) ។

សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា សម្រាប់ជនបរទេសមានអាយុក្រោម១០ឆ្នាំ មិន តម្រូវឱ្យទិញសំបុត្រ តែត្រូវបង្ហាញឯកសារពាក់ព័ន្ធ ឬលិខិតឆ្លងដែនទៅកាន់បញ្ជរលក់សំបុត្រ ឬមន្ត្រី ឆែកសំបុត្រ។ ករណីពុំមានឯកសារបញ្ជាក់ច្បាស់លាស់ ភ្ញៀវត្រូវបង់ប្រាក់ចូលទស្សនា តាមការកំណត់ដូចក្នុងសេចក្ដីជូនដំណឹង។

ជាមួយគ្នានេះមន្ត្រីនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបាត់ដំបង បានលើកឡើងដែរថា សារមន្ទីរជាកន្លែងប្រមូលផ្តុំនូវគ្រប់ផ្ទាំងទស្សនីយភាព ដែលរួមបញ្ចូលនូវផ្នែកវប្បធម៌, សិល្បៈ, ចម្លាក់, ក្បូរក្បាច់រចនា និង សំណង់ស្ថាបត្យកម្មដ៏ល្អឯក ។ សារមន្ទីរខេត្តបាត់ដំបង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៦៨ ដោយស្ថាបត្យករ យាង (Yieng) ដែលជាស្ថាបត្យករ ប្រចាំខេត្តបាត់ដំបង និងធ្វើការនៅមន្ទីរសាធារណការ និងដឹកជញ្ជូន នាសម័យនោះផងដែរ ។

យ៉ាងណាមិញ សារមន្ទី និងសាលតាំងពិព័រណ៍វត្ថុបុរាណខេត្តបាត់ដំបង ក៏ត្រូវបានជួសជុល ឡើងវិញក្រោមការឧបត្ថម្ភគាំទ្រ ពីអង្គការមិត្តវប្បធម៌ខ្មែរ FOKCI ដោយចំណាយថវិកាជាង ២៧ម៉ឺន ដុល្លារអាម៉េរិក និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការម្ដងទៀត កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម ងួន រតនៈ កាលដែលឯកឧត្តមនៅជាអភិបាលខេត្តបាត់ដំបង ។

លោក គឹម សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ថា សព្វថ្ងៃនេះមានចម្លាក់បដិមាប្រមាណ ១ ៥០០រូប ក្នុងនោះមាន រូបចម្លាក់ ឬ វត្ថុបុរាណសាងសង់រយ:ពេល ៧០០ឆ្នាំមកហើយ ដែលបានកសាងតាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ។
គួរជម្រាបថា សារមន្ទីរខេត្តបាត់ដំបង មានទីតាំងស្ថិតនៅតាមដងផ្លូវលេខ១ ខាងជើងវិមានឯករាជ្យប្រហែល ១០០ម៉ែត្រ ចំកណ្ដាលក្រុងបាត់ដំបង ៕

ប្រភព៖​ ក្រសួងព័ត៌មាន

Share This Post: