ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថចំនួន ៧មុខនេះ ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកាពីក្រសួង

BY
Khmernote Media
December 7, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថចំនួន ៧មុខ គ្មានលេខបញ្ជិកា ដែលមានលក្ខណៈស្រដៀងនឹងឱសថមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាលពិនិត្យឃើញថាមានឱសថចំនួន ០៧មុខ ឈ្មោះ១. Vaxigrip Tetra ២. Aprovel 150mg ៣. Aprovel 300mg ៤. Plavix® 75mg ៥. Lipitor 10mg ៦. Lipitor 20mg ៧. Norvasc *5mg គ្មានលេខបញ្ជីកាពីក្រសួងសុខាភិបាល កំពុងចរាចរលើទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា ដែលមានលក្ខណៈ ស្រដៀងនឹងឱសថដែលកំពុងចែកចាយដោយក្រុមហ៊ុន Zuellig Pharma Ltd ដូចមានរូបភាពភ្ជាប់មកជាមួយ។

ដូច្នេះ សូមប្រជាពលរដ្ឋមុននឹងទិញ ឱសថគ្រប់ប្រភេទ ត្រូវពិនិត្យមើលលតាបត្របញ្ញិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែល ត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជាកាដូចមានគំរូ ភ្ជាប់មកជាមួយ។

ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ ឱសថដែលគ្មានលេខបញ្ជីកាខាងលើ ជាបន្តទៀត ព្រោះឱសថនេះមិនអាចធានាបាននូវ គុណភាព សុវត្ថិភាព និងប្រសិទ្ធភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយ បណ្តាលឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់ អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកាខាងលើ រួមទាំង ជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកាខាងលើ និង ជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ ឬលក់ឱសថដែលគ្មាន លេខបញ្ជីកា សូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន និងត្រូវការព័ត៌មានបន្ថែមពីនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖ ០១២ ៧៥៥ ១៦១, ០១២ ៩៨៣ ៣៣៤, ០១៧ ៦០៦ ៦៧០, ០១២ ៥៦២ ៤៤៦, ០១៧ ៨៦៦ ៧៦០ ៕

ប្រភព៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

Share This Post: