ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅមន្ត្រីជាប់កិច្ចសន្យាមួយរូប មកបំភ្លឺករណីចេញឃាត់រថយន្ត នៅស្តុបអូរបែកក្អម ក្រោយមានការបង្ហោះលើបណ្តាញសង្គម

BY
Khmernote Media
December 8, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងមន្ត្រីជាប់កិច្ចសន្យា ឈរជើងគោលដៅស្តុបអូរបែកក្អម ចេញឃាត់រថយន្ត។

បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គម ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យមន្ត្រីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ធ្វើការស្រាវជ្រាវ និងកោះហៅមន្ត្រីជាប់កិច្ចសន្យាឈ្មោះ សេង កុសល ឈរជើងគោលដៅស្តុបអូរបែកក្អម ដើម្បីសាកសួរបំភ្លឺ ជុំវិញការបង្ហោះវីដេអូនៅគោលដៅស្តុបអូរបែកក្អម ទាក់ទងករណីចេញឃាត់រថយន្ត។ បច្ចុប្បន្នមន្ត្រីជាប់កិច្ចសន្យារូបនេះ ត្រូវបានកំពុងសាកសួរនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

សូមបញ្ជាក់ថា មន្ត្រីជាប់កិច្ចសន្យាមានតួនាទីជាជំនួយសហការការងារជួយសម្រួលការងារចរាចរណ៍ ជាមួយមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោក មិនមានសិទ្ធិចាប់ឃាត់យានយន្តល្មើសច្បាប់ចរាចរណ៍នោះឡើយ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: