សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ ឬ សាងសង់អគារ១០០ជាន់នោះទេ ប៉ុន្តែការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗនៅចំពោះមុខពលរដ្ឋនៅក្នុងទឹកដីខេត្តសៀមរាបថា ការអំពាវនាវរបស់សម្ដេចតេជោ ឱ្យពលរដ្ឋចាកចេញពីតំបន់រមណីយដ្ឋានអង្គរ មិនមែនដើម្បីយកដីនោះលក់ឱ្យឯកជន ឬ ដើម្បីសាងសង់អគារ១០០ជាន់នោះទេ ធ្វើជា ប៉ុន្តែគឺដើម្បីផលប្រយោជន៍ជាតិទាំងអស់គ្នា គឺការពារកុំឱ្យគេដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីបេតិកភណ្ឌពិភពលោក

ការបញ្ជាក់របស់សម្ដេចធបិតី នាយករដ្ឋមន្រ្តី ខាងលើនេះ បានធ្វើឡើងនៅក្នុងឱកាស អញ្ជើញជួបសំណេះសំណាលជាមួយ “ប្រជាពលរដ្ឋនៅតំបន់១ និងតំបន់២ នៃរមណីយដ្ឋានអង្គរ ដែលបានស្ម័គ្រចិត្តមករស់នៅភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ខេត្តសៀមរាប ព្រឹកថ្ងៃសុក្រ ទី៨ ធ្នូ ២០២៣។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំជឿថា លោកថា លោក យាយ គាត់ជឿជាក់ហើយថា សម្ដេចតេជោ មិនមែនឱ្យលោកតា លោកយាយ ចេញមក ដើម្បីយកដីកន្លែងនោះ ទៅលក់ឱ្យ ឯកជនទេ មិនមែនយកដីកន្លែងនោះដើម្បីផលប្រយោជន៍អ្នកណាមួយទេ ប៉ុន្តែដើម្បីផលប្រយោជន៍ជាតិយើងទាំងអស់គ្នា បានលោកតា លោកយាយ ផ្ដល់ការជឿទុកចិត្ត និងរួមគ្នាស្ម័គ្រចិត្តមកទីនេះ ខ្ញុំសូមអរគុណណាស់។ ខ្ញុំជឿថា លោកតា លោកយាយ សម្ដេចតេជោ មានបំណងអាក្រក់ ទុចរិតឱ្យប្រជាពលរដ្ឋចេញដើម្បីយកដីកន្លែងនោះ តំបន់នៅអង្គរនោះ ទៅលក់ឱ្យ អ្នកវិនិយោគធ្វើអាគារ ១០០ជាន់ ខ្ញុំគិតថា លោកតា លោកយាយមិនមកទេ ហើយសម្ដេចតេជោ ក៏ដាច់ខាតមិនធ្វើដែរ មួយជីវិតរបស់លោកតស៊ូ ដើម្បីប្រជាពលរដ្ឋ តស៊ូដើម្បីការពារជាតិ ការពារសម្បត្តិវប្បធម៌ មិនអាចខ្លួនគាត់ទៅបំផ្លាញបែបនោះទេ »។
សម្ដេចធិបតីក៏បានមានប្រសាសន៍បញ្ជាក់ផងដែរថា៖ «ប្រាសាទយើងមានអាយុកាល ១២០០ឆ្នាំ ត្រូវធានា និងថែរក្សាឱ្យបានរាប់ពាន់ឆ្នាំទៅទៀត។ ខ្ញុំថាមនុស្សម្នាក់ៗ បានអាយុ ១៥០ឆ្នាំចុះសប្បាយចិត្តហើយ តែព្រលឹងជាតិរបស់យើង ជាតិរបស់យើង ត្រូវនៅរាប់ពាន់ឆ្នាំ ប្រាសាទដែលជាកេរ្តិ៍ដំណែលរបស់ដូនតាយើង ដែលកសាងជាង១ពាន់ឆ្នាំហើយ ត្រូវនៅបន្តទៀត នេះជាអ្វីដែលយើងត្រូវថែរក្សា»។
សម្តេចបានបន្ថែមថា «បើយើងមិនទទួលអនុវត្តន៍តាមលក្ខខណ្ឌរបស់យូណេស្កូ តំបន់ប្រាសាទទាំងមូល អាចត្រូវបានដកចេញ ពីបញ្ជីនៃបេតិកភណ្ឌពិភពលោក ប្រទេសមួយចំនួនត្រូវបានដកចេញ ដោយសារមិនគោរពលក្ខខណ្ឌ នៅអង់គ្លេស នៅប្រទេសផ្សេងៗទៀត។ និមិត្តរូបនៃជាតិយើង ដែលក្លាយជាសម្បត្តិវប្បធម៌មនុស្សលោក ដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានដកចេញ ដោយសារមិនអាចធានាបាន នូវលក្ខខណ្ឌបរិស្ថានមួយចំនួន ជាការសោកស្តាយ បុព្វបុរសយើងខំកសាង៤០០ឆ្នាំ ទុកឱ្យកូនចៅជំនាន់ក្រោយ រួមគ្នាថែទាំមិនបាន តើយ៉ាងម៉េច? អីចឹងហើយបានជាយើងត្រូវចាត់វិធានការមួយចំនួន ដើម្បីការពារ»៕





អត្ថបទ៖ លីនី