ក្រសួងអប់រំ ៖ គិតត្រឹមឆ្នាំ២០២៣នេះ សាលារៀនជំនាន់ថ្មីនៅទូទាំងប្រទេសមានចំនួន ១៣ កន្លែង
- December 9, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ នេះ សាលារៀនជំនាន់ថ្មីមានចំនួន ១៣កន្លែង (សាលាបឋមសិក្សា ៤ កន្លែង និងសាលាមធ្យមសិក្សា ៩ កន្លែង) មានទីតាំងនៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, កំពង់ចាម, កំពង់ស្ពឺ, ស្វាយរៀង និងខេត្តព្រៃវែង។ ចំនួនសិស្សបានកើនឡើងពី ៤៣៤ នាក់ នៅឆ្នាំ ២០១៦ ដល់ ៩ ៨៥៨ នាក់ នៅឆ្នាំ ២០២៣។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងអប់រំ យុវជន និងកីឡា ចេញផ្សាយថ្ងៃទី ០៧ ខែធ្នូឆ្នាំ២០២៣។

សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងដែរថា ចាប់តាំងពីការអនុវត្តគម្រោងសាលារៀនជំនាន់ថ្មី សិស្សសាលារៀនជំនាន់ថ្មីបានចូលរួមក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ លើកទី១ នៅឆ្នាំ ២០១៨។ ចំណែកឯ លទ្ធផលគឺបានបង្ហាញថា ក្នុងឆ្នាំ ២០១៨ សិស្សសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិមានអត្រាជាប់ ៨៩% ធៀបនឹងអត្រាជាប់ថ្នាក់ជាតិ ៦៧% ក្នុងនោះ ៩% បានទទួលនិទ្ទេស A ។ នៅឆ្នាំ ២០២៣ វិទ្យាល័យព្រះស៊ីសុវត្ថិ (ជំនាន់ថ្មី) មានអត្រាជាប់ ៩២% (១៥៦ នាក់) ធៀបនឹងអត្រាជាប់ថ្នាក់ជាតិ ៧៣%, ក្នុងនោះ ១៩% (៣៣ នាក់) បានទទួលនិទ្ទេស A។ សិស្សវិទ្យាល័យព្រះស៊ីសុវត្ថិបានចូលរួមក្នុងការប្រកួតជាអន្តរជាតិនិងបានទទួលមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធិ សរុបចំនួន ៩១៣ ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២១។ លទ្ធផលទាំងនេះទទួលបានការសាទរពីសំណាក់មាតាបិតា អ្នកអាណាព្យាបាលសិស្ស។
ក្នុងន័យនេះ សាលារៀនជំនាន់ថ្មី គឺជាគំរូ នៃការធ្វើបរិវត្តកម្មវិស័យអប់រំ ។ សេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបានវិនិយោគលើកម្មវិធីនេះចាប់ពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣ សរុបថវិកា ១២.៤ លានដុល្លារអាម៉េរិក រួមផ្សំជាមួយថវិការបស់មូលនិធិសប្បុរសជន និងការចូលរួមថវិកាបដិភាគពីមាតាបិតា អ្នកអាណា-ព្យាបាលសិស្សផងដែរ ។ ចំពោះសិស្សមកពីគ្រួសារក្រីក្រ និងមានបណ្ណក្រីក្រ ត្រូវបានចូលរៀនដោយមិនតម្រូវ ឱ្យបង់វិភាគទាននោះទេ។
ជាមួយគ្នានេះ ដើម្បីបន្តអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដាក់ចេញនូវគោលការណ៍សម្រាប់ការបន្តអភិវឌ្ឍសាលារៀនជំនាន់ថ្មី រួមមាន៖
១- សាលារៀនជំនាន់ថ្មីដែលមានស្រាប់ត្រូវរក្សាការអនុវត្តតាមគោលការណ៍ និងលក្ខខណ្ឌដដែល ប៉ុន្តែចាប់ពីឆ្នាំ ២០២៤ តទៅ វិភាគទានដែលមាតាបិតាធ្លាប់បង់ក្នុងពេលកន្លងមក លែងជាកាតព្វកិច្ច ហើយរដ្ឋជាអ្នកបំពេញនូវតម្រូវការសម្រាប់កិច្ចដំណើរការនៃសាលារៀនជំនាន់ថ្មី។ ទោះជាយ៉ាងនេះក្ដីសាលារៀននៅតែអាចបន្តទទួលវិភាគទានពីសប្បុរសជន ក៏ដូចជាមាតាបិតា អ្នកអាណាព្យាបាលសិស្សតាមគោលការណ៍ស្ម័គ្រចិត្ត។
២- ក្រសួងនឹងបន្តប្រែក្លាយសាលារៀនជំនាន់ថ្មី ពីកន្លែងអាទិភាពសម្រាប់តែសិស្សឆ្នើមដែលមានលទ្ធភាពផ្នែកថវិកាទៅជាមជ្ឈមណ្ឌលឧត្តមភាព (Centre of Excellence) ដែលបើកចំហសម្រាប់សិស្សឆ្នើមទាំងអស់ប្រកបដោយសមធម៌។ ក្នុងន័យនេះ ក្រសួងនឹងពង្រីកគម្រោងសាលារៀនជំនាន់ថ្មី តាមគោលការណ៍ភូមិសាស្ត្រ ដោយត្រូវបង្កើតឱ្យបានមួយសាលារៀន យ៉ាងហោចសម្រាប់ទីរួមខេត្ត នីមួយៗ និងពង្រីកឱ្យបានទូទាំង ២៥ ខេត្ត រាជធានី តាមអភិក្រមរក្សាទុកសាលារៀនដែលបាន និងកំពុងអនុវត្តន៍រួចហើយ។
៣- ភាពជាដៃគូរវាងរដ្ឋនិងសហគមន៍នៅបន្តលើកទឹកចិត្តឱ្យអនុវត្តនៅក្នុងសាលារៀនជំនាន់ថ្មី ក្នុងគោលបំណងដូចជា ការពិនិត្យតាមដានកម្មវិធីសិក្សា តាមដានការអនុវត្តរបស់សាលារៀន និង ចូលរួមប្រជុំផ្សេងៗ។
គួរបញ្ជាក់ដែរថា កាលពីឆ្នាំ ២០១៦ ក្រសួងអប់រំ យុវជន និងកីឡា ក្រសួង បានសាកល្បងដំណើរការកម្មវិធីសាលារៀនជំនាន់ថ្មីនៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅរាជធានីភ្នំពេញ ដោយសហការ ជាមួយអង្គការសកម្មភាពសម្រាប់បឋមសិក្សានៅកម្ពុជា (KAPE) ក្នុងគោលដៅបង្កើតនូវម៉ូដែលនៃការអភិវឌ្ឍ ការអប់រំឱ្យដល់កម្រិតស្តង់ដាអតិបរមា ដែលឆ្ពោះទៅការកើតឡើងនូវជំនាន់ថ្មីមួយនៃគ្រឹះស្ថានសិក្សាសាធារណៈនៅកម្ពុជាដោយផ្ដល់ជាគំរូអភិបាលកិច្ចល្អ ស្តង់ដារវិជ្ជាជីវៈខ្ពស់ និងស្តង់ដារសិក្សាដែលមានគុណភាពខ្ពស់៕

ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






