មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យាចំនួន៤នាក់ ដែលឈរជើងនៅស្ដុបអាងទឹកអូរឡាំពិក ត្រូវបានកោះហៅមកបំភ្លឺ បន្ទាប់ពីឃើញលើបណ្ដាញសង្គមចោទថាបំពេញភារកិច្ចមិនត្រឹមត្រូវ
- December 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា មន្រ្តីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០៤នាក់ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ(ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) ត្រូវបានកោះហៅមកសាកសួរបំភ្លឺ នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបំភ្លឺជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយព័ត៌មានផុសនៅលើបណ្តាញសង្គមចោទទៅលើមន្រ្តីជាប់កិច្ចសន្យា និងមន្រ្តីនគរបាលចរាចរណ៍ ឈរជើងលើមហាវិថីព្រះមុនីរ៉េត កែងមហាវិថីព្រះសីហនុ គោលដៅ (ភ្លើងសញ្ញាចរាចរណ៍អាងទឹកអូរឡាំពិក) បានបំពេញភារកិច្ចអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មិនត្រឹមត្រូវតាមគោលការណ៍ដឹកនាំរបស់ថ្នាក់លើ បង្កការរិះគន់ និងប៉ះពាល់សតិអារម្មណ៍ប្រជាពលរដ្ឋ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីស្រាវជ្រាវជាបន្ទាន់។ ជាមួយគ្នានោះមន្រ្តីនគរបាលចរាចរណ៍ ចំនួន០២នាក់ ទី១.នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក និងទី២. ប្រធានគោលដៅទទួលខុសត្រូវគោលដៅខាងលើ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន០២នាក់ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ត្រូវបានកោះហៅមកសាកសួរបំភ្លឺនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ បន្ទាប់មករង់ចាំពិនិត្យ និងសុំគោលការណ៍សម្រេចពីឯកឧត្តមស្នងការ ដើម្បីមានចំណាត់ការបន្ត៕



- Share This Post:






