ថៃ អនុញ្ញាតឱ្យកន្លែងកំសាន្តពេលរាត្រីអាចបើកដំណើរការបានរហូតដល់ម៉ោង ៦ព្រឹកនៅក្នុងថ្ងៃទី១ ខែមករាខាងមុខនេះ
- BY
- Pheakdey
- December 12, 2023
ថៃ៖ អាជ្ញាធរថៃសម្រេចអនុញ្ញាតឱ្យកន្លែងកំសាន្តក្នុងពេលរាត្រីអាចបើកដំណើរការរហូតដល់ម៉ោង ៦ព្រឹក សម្រាប់នៅក្នុងថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ ទៅក្នុងថ្ងៃអង្គារ ទី១២ ខែធ្នូនេះ។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឱ្យភ្ញៀវទេសចរធ្វើសកម្មភាពកំសាន្តផ្សេងៗឱ្យបានច្រើននៅក្នុងថ្ងៃអបអរឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះ។

គួរបញ្ជាក់ជូនថា យោងទៅតាមច្បាប់នៅក្នុងប្រទេសថៃ ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ គឺបានកំណត់ឲ្យក្លឹបរាត្រី បារ ខារ៉ាអូខេ និងផាប់ អាចបើកដំណើរបានត្រឹមម៉ោង ២រំលងអធ្រាត្រ ខណៈចាប់ពីថ្ងៃសុក្រសប្តាហ៍នេះតទៅអាជ្ញាធរថៃបានអនុញ្ញាតឲ្យកន្លែងកំសាន្តទាំងនេះអាចនៅបន្តបើកដំណើរការរហូតដល់ម៉ោង ៤ទៀបភ្លឺ។ សូមបញ្ជាក់ជូនការសម្រេចអនុញ្ញាតឲ្យកន្លែងផ្តល់សេវាកំសាន្តពេលរាត្រីអាចបន្តបើកដំណើរការបានយូរជាងមុននេះ គឺដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិឲ្យចូលមកកំសាន្តនៅក្នុងប្រទេសថៃឱ្យបានកាន់តែច្រើន ខណៈវិស័យទេសចរណ៍អន្តរជាតិ គឺជាប្រភពចំណូលដ៏សំខាន់មួយរបស់រដ្ឋាភិបាលថៃផងដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






