អន្តរជាតិ

ម្ចាស់ហាងនិងចុងភៅ ១៣នាក់ត្រូវតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំនិងពិន័យជាង ៧០ម៉ឺនដុល្លារជុំវិញករណីចម្រាញ់ប្រេងពីកាកសំណល់ស៊ុប Hotpot ទុកលក់ឲ្យភ្ញៀវនៅថ្ងៃបន្ទាប់

BY
Pheakdey
December 14, 2023

ចិន៖ មនុស្សចំនួន ១៣នាក់ត្រូវបានតុលាការចិនកាត់ទោសឲ្យជាប់ពន្ធនាគារ ១២ឆ្នាំ និងពិន័យជាប្រាក់សរុប ៥លានយន់ (៧០៥,៦៨៨ដុល្លារអាមេរិក) ជុំវិញករណីរំលោភបំពានច្បាប់ស្តីសុវត្ថិភាពចំណីអាហារយ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១៤ ខែធ្នូ។ ជនខិលខូចទាំង ១៣នាក់នោះរួមមានម្ចាស់ភោជនីយដ្ឋាន អ្នកគ្រប់គ្រងភោជនីយដ្ឋាន និងក្រុមចុងភៅប្រចាំនៅក្នុងភោជនីយដ្ឋានមួយកន្លែងឈ្មោះ Ruchuan Beef Tripe Hotpot។

ប្រភពខាងលើបានបន្តថា ភោជនីយដ្ឋានមួយនេះមានទីតាំងស្ថិតនៅក្នុងខេត្ត​ Anhui ភាគខាងជើងប្រទេសចិន និងបានចាប់ផ្តើមបើកដំណើរនៅក្នុងឆ្នាំ ២០១៧កន្លងទៅ។ បើតាមជ្ញាធរចិនបានបញ្ជាក់ថា ភោជនីយដ្ឋានបានបែកគំនិតប្រើប្រាស់ប្រេងកែច្នៃខុសច្បាប់និងគ្មានគុណភាពនៅក្នុងអំឡុងឆ្នាំ ២០១៩-២០២១ ដោយក្រុមជនខិលខូចបានប្រមូលយកកាកសំណល់ស៊ុប Hotpot ដែលភ្ញៀវបានទទួលទានរួចទាំងអស់ទៅរក្សាទុកនៅកន្លែងមួយដើម្បីច្រោះយកកាកសំណល់រឹងចេញ ហើយបន្ទាប់មកក៏ធ្វើការចម្រាញ់យកប្រេងក្នុងកាកសំណល់រាវនោះដើម្បីទុកប្រើប្រាស់រម្ងាស់ជាទឹកស៊ុបសម្រាប់លក់នៅថ្ងៃបន្ទាប់ទៀត។ ក្នុងការស៊ើបអង្កេតបានបង្ហាញផងដែរថា ទម្រាំតែគេបានរកឃើញការពិតភោជនីយដ្ឋានខាងលើនេះបានលក់ស៊ុប Hotpot ប្រមាណជា ៦៥,០០០ឈុតរួចហើយ ដែលមានតម្លៃជាទឹកប្រាក់ចំនួន ១,៧លានយន់ (២៣៩,៩៦០ ដុល្លារអាមេរិក) ផងដែរ៕ 

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

 

Share This Post: