អន្តរជាតិ

ថៃដាក់ចេញគោលនយោបាយ “គ្រួសារមួយ ថាមពលទន់មួយ” ដើម្បីស្វែងរកប្រាក់ចំណូលជូនជាតិឲ្យបានជាង ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ

BY
Pheakdey
December 15, 2023

ថៃ៖ រដ្ឋាភិបាលនៃប្រទេសថៃបានដាក់ចេញផែនការលើកកម្ពស់ថាមពលទន់ (Soft Power) របស់ខ្លួនទៅកាន់ពិភពលោកដើម្បីរកប្រាក់ចំណូលឲ្យបានចំនួន ៤លានលានបាត (ជាង ១១៤ ពាន់លានដុល្លារ) ក្នុងមួយឆ្នាំ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១៥​​ ខែធ្នូនេះ។ បើតាមលោក Phumtham Wechayachai ដែលជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានបញ្ជាក់ថា គម្រោងខាងលើនេះនឹងត្រូវអនុវត្តក្រោមគោលនយោបាយថ្មីមួយមានឈ្មោះថា “គ្រួសារមួយ ថាមពលទន់មួយ” (One Family One Soft Power)។

តាមរយៈគោលនយោបាយខាងលើនេះគឺមានន័យថា ក្រុមគ្រួសារមួយត្រូវបានលើកទឹកចិត្តឲ្យជួយផ្សព្វផ្សាយអំពីអំពីវប្បធម៌ថៃទៅកាន់ពិភពលោកក្រោយយន្តការ និងការសម្របសម្រួលផ្សេងៗពីសំណាក់រដ្ឋាភិបាលថៃ។ ប្រភពខាងលើបានបន្តថា ថាមពលទន់ដែលរដ្ឋាភិបាលថៃគ្រោងនឹងប្រើប្រាស់ដើម្បីបង្កើតប្រាក់ចំណូលជូនជាតិនោះគឺរួមមានវិស័យសំខាន់ៗចំនួន ១១ ដូចជា ទេសចរណ៍ ពិធីបុណ្យ កីឡា ម្ហូបអាហារ ភាពយន្ត តន្ត្រី សិល្បៈ សៀវភៅ ហ្គេម ការច្នៃម៉ូត និងសំលៀកបំពាក់ជាដើម។ សូមបញ្ជាក់ជូនផងដែរថា ក្នុងការអនុវត្តគោលនយោបាយខាងលើនេះគឺរដ្ឋាភិបាលថៃរំពឹងថានឹងជួយបង្កើតការងារបានប្រមាណជា ២០លានកន្លែងសម្រាប់ពលរដ្ឋខ្លួន៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

Share This Post: