អន្តរជាតិ

ប៉ូលិសថៃបង្រ្កាបករណីចែកចាយបារីអេឡិចត្រូនិចទ្រង់ទ្រាយធំដែលមានតម្លៃសរុបជិត ៣លានដុល្លារ

BY
Pheakdey
December 15, 2023

ថៃ៖​ ប៉ូលិសថៃបានបង្ក្រាបករណីចែកចាយបារីអេឡិចត្រូនិចទ្រង់ទ្រាយធំមួយនៅក្នុងទីក្រុងបាកក ដែលករណីខុសច្បាប់មួយនេះមានតម្លៃជាទឹកប្រាក់ប្រមាណជា ១០០លានបាត (២,៨៦លានដុល្លារអាមេរិក) នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃសុក្រ ទី១៥ ខែធ្នូនេះ។ ក្នុងការបង្ក្រាបបទល្មើសនេះប៉ូលិសថៃក៏អាចចាប់ខ្លួនបានជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានបារីអេឡិចត្រូនិចជាង ៧០,០០០ដើមផងដែរ។

ជនសង្ស័យទាំង ២​រូបនោះរួមមាន ឈ្មោះ Nawamin Soi អាយុ ៤២ឆ្នាំ ជាមេខ្លោងធំ ដែលបានប្រើប្រាស់ Facebook Page ឈ្មោះ “Iqos Thailand FanClub” សម្រាប់ធ្វើការលក់បារីអេឡិចត្រូនិច និងម្នាក់ទៀតមានឈ្មោះថា Jenkij Hom-aroon​ អាយុ ៣២ឆ្នាំជាបណ្តាញចែកចាយបន្តដោយបានធ្វើការលក់បារីអេឡិចត្រូនិចតាមរយៈ​ Facebook Page មានឈ្មោះថា “Ti-Leng IQOS Mafia”។ សូមបញ្ជាក់ជូនថា តាមរបាយការណ៍របស់អាជ្ញាធរថៃបានបង្ហាញថានាពេលបច្ចុប្បន្ននេះគឺមានក្រុមយុវវ័យថៃចំនួន ៩,១%កំពុងតែប្រើប្រាស់បារីអេឡិចត្រូនិចយ៉ាងសកម្ម ខណៈក្រុមអ្នកជំនាញផ្នែកសុខភាពបានអះអាងថា បារីអេឡិចត្រូនិចអាចបង្កគ្រោះថ្នាក់យ៉ាងខ្លាំងបំផុតចំពោះសុខភាពអ្នកប្រើប្រាស់៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

 

Share This Post: