ដំណឹងល្អ! វត្ថុបុរាណខ្មែរចំនួន ១៤រូប ពីសារមន្ទីរ Metropolitan Museum នៅទីក្រុងញូវយ៉ក នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញ
- December 16, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណខ្មែរ ចំនួន១៤រូប ពីសារមន្ទីរ Metropolitan Museum (MET) នៅទីក្រុងញូវយ៉ក។

បន្ទាប់ពីការចរចាអស់រយៈពេលជាច្រើនឆ្នាំ រវាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ភាគខាងត្បូងក្រុងញូវយ៉ក (SDNY), ការិយាល័យស៊ើបអង្កេតសន្តិសុខមាតុភូមិ(HSI) និងក្រុមការងារកម្ពុជា ជាមួយនឹងសារមន្ទីរ MET, វត្ថុបុរាណខ្មែរចំនួន ១៤រូប នៃសមុច្ច័យរបស់សារមន្ទីរ MET នឹងត្រូវប្រគល់ត្រឡប់មកកម្ពុជាវិញ។ តាមរយៈកិច្ចសហការ និងការចែករំលែកព័ត៌មានរវាងក្រុមការងារកម្ពុជា និងសមត្ថកិច្ចសហរដ្ឋ អាមេរិក សារមន្ទីរ MET បានផ្ដល់ការសន្យាជាផ្លូវការមួយ ក្នុងការបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុបុរាណ ខ្មែរចំនួន១៤រូបនេះ, ការអនុញ្ញាតឱ្យមន្ត្រីជំនាញកម្ពុជា ធ្វើកោសល្យវិច្ច័យសម្បត្តិវប្បធម៌ខ្មែរដទៃទៀត និងការពិនិត្យសិក្សាឯកសារនានាពាក់ព័ន្ធនឹងសមុច្ច័យរបស់កម្ពុជា។ យើងសូមវាយតម្លៃខ្ពស់ចំពោះលទ្ធផល ជំហានដំបូងក្នុងទិសដៅដ៏ត្រឹមត្រូវនេះ និងទន្ទឹងរង់ចាំនៃការវិលត្រឡប់មកវិញនូវសម្បត្តិវប្បធម៌ខ្មែរ បន្ថែមទៀត។
ក្នុងចំណោមវត្ថុទាំង១៤រូបដែលត្រូវបញ្ជូនមកកម្ពុជាវិញនេះ រួមមានស្នាដៃឯកមួយចំនួន ដូចជា រូបចម្លាក់ទេពស្រី (ព្រះនាងឧមា) ធ្វើពីថ្មភក់ សតវត្សរ៍ទី១០ ដែលតាមភស្តុតាងពីសាក្សី ត្រូវបានលួចយក នៅឆ្នាំ១៩៩៧ ដោយប្រអប់ជើងជាប់ជាមួយជើងទម្របដិមានេះ បានរកឃើញតាមរយៈការធ្វើកំណាយ នៅឆ្នាំ២០២១ នៅក្នុងរមណីយដ្ឋានអតីតរាជធានីកោះកេរ, ព្រះកេសព្រះលោកេសូរ ធ្វើពីសំរឹទ្ធ សតវត្សរ៍ទី ១០ ដែលដងខ្លួនបដិមាស្ថិតនៅសារមន្ទីរជាតិភ្នំពេញ និងបដិមាព្រះលោកេសូរ ធ្វើពីសំលោហៈ ដែលសារមន្ទីរ MET បានទិញពីលោក ឌូគ្លាស ឡាដហ្វដ (Douglas Latchford) នៅឆ្នាំ១៩៩២ ៕ សូមអានសេចក្ដីជូនព័ត៌មានលម្អិត ដូចខាងក្រោម៖






- Share This Post:






