ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រកាសថា គ្រប់មន្ត្រីនគរបាលទាំងអស់ បើសិនតេស្តឃើញមានសារធាតុខុសច្បាប់ គឺត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង

BY
Khmernote Media
December 18, 2023

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា បានប្រកាសថា គ្រប់មន្ត្រីនគរបាលទាំងអស់ បើសិនតេស្តឃើញមានសារធាតុញៀន គឺ ត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។

ថ្លែងបែបនេះ នៅក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ មជ្ឈមណ្ឌលសំចតនិងស្ដារនីតិសម្បទាជនរងគ្រោះប៉ោយប៉ែត នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣។ ឧបនាយករដ្ឋមន្ដ្រី ស សុខា បានលើកឡើងថាដូច្នេះថា៖ «ខ្ញុំសូមប្រកាសតែម្ដង គឺគ្រប់មន្ត្រីក្រោមឱវាទ ជាពិសេសមន្ត្រីកងកម្លាំងប្រដាប់អាវុធ ខ្ញុំនិយាយនេះ គឺក្នុងក្របខណ្ឌក្រសួងមហាផ្ទៃទេ ចំពោះមន្ត្រីកងកម្លាំងប្រដាប់អាវុធទាំងអស់ ឱ្យតែធ្វើតេស្តរកឃើញថា មានសារធាតុញៀន មិនអាចអនុញ្ញាតឱ្យនៅក្នុងក្របខណ្ឌនគរបាលទៀតទេ។ នេះគឺចង់បង្ហាញឱ្យយុវជនជំនាន់ក្រោយ ហើយបើយើងអត់យកពេលវេលានេះ ដើម្បីសម្អាតផ្ទះរបស់យើងទេ ដូចសម្តេចមហាបរវធិបតី បានលើកឡើងចឹង គឺយើងគ្មានពេលសម្អាតទៀតទេ។ »

ឧបនាយករដ្ឋមន្ដ្រី ស សុខា បានបន្តទៀតថា៖ «ចំពោះមន្ត្រីស៊ីវិល យើងពុំទាន់មានការណែនាំណាមួយរួមទេ ប៉ុន្តែគ្រាន់តែសូមផ្ញាំផ្ញើថា បើអ្នកពាក់ព័ន្ធ សូមដើរចេញឱ្យឆ្ងាយ ហើយបើយើងកំពុងមានសារធាតុញៀនក្នុងខ្លួន ត្រូវស្វែងសិក្សាខ្លួនឯង ផ្ដាច់សារធាតុញៀនឱ្យបានលឿនបំផុត ពីព្រោះប្រវត្តិសាស្ត្រយើងឃើញថា អ្នករកស៊ីគ្រឿងញឿន មិនទាន់មាន អ្នកមានកប់ពពកហើយរស់នៅសុខមួយជីវិតនោះទេ ៕ »

Share This Post: