ថៃ បើកឲ្យអ្នកទេសចរចូលទស្សនាក្នុងរូងភ្នំ ថាំហ្លួង ទាំងស្រុងជាមួយតម្លៃសំបុត្រជាង ៤០ដុល្លារ
- BY
- Pheakdey
- December 19, 2023
ថៃ៖ ទីបំផុតអាជ្ញាធរថៃបានបើកឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិអាចធ្វើដំណើរចូលដល់ល្បាក់ទី២ និងល្បាក់ទី៣នៅក្នុងរូងភ្នំថាំហ្លួងហើយ ក្រោយមានការពន្យាពេលអស់រយៈពេលជាច្រើនឆ្នាំមក។ គួររម្លឹកជូនថា រូងភ្នំថាំហ្លួង ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅទូទាំងពិភពលោកកាលពីឆ្នាំ២០១៨កន្លងទៅ ក្រោយមានក្មេងៗដែលជាក្រុមបាល់ទាត់ចំនួន ១២នាក់ និងគ្រូបង្វឹកម្នាក់បានជាប់នៅក្នុងនោះអស់រយៈពេល ១៧ថ្ងៃ ហើយពួកគេទាំងអស់សុទ្ធមានសំណាងអាចនៅមានជីវិតរស់ទាំងអស់គ្នា។

គួរបញ្ជាក់ជូនថា ក្រោយពេលកើតមានហេតុការណ៍គួរឲ្យចាប់អាមរ្មណ៍ខាងលើនេះបានបន្តិច អាជ្ញាធរថៃក៏បានសម្រេចដាក់តំបន់រូងភ្នំថាំហ្លួង នាងណន ជាឧទ្យានជាតិសម្រាប់ឲ្យភ្ញៀវទេសចរទៅកំសាន្តដែរ តែអ្នកទេសចរណ៍អាចទៅទស្សនារូងភ្នំថាំហ្លួងបានត្រឹមតែល្បាក់ទី ១ប៉ុណ្ណោះ ត្បិតអាជ្ញាធរថៃនៅមិនទាន់អាចធានាបាននូវសុវត្ថិភាពជូនក្រុមអ្នកទេសចរនោះទេ ប្រសិនបើពួកគេចង់ធ្វើដំណើរចូលទៅដល់ល្បាក់ទី៣ ដែលជាកន្លែងក្មេងៗទាំង ១២នាក់ និងគ្រូបង្វឹកពួកគេបានស្នាក់នៅក្នុងអំឡុងពេលជាប់នៅក្នុងរូងភ្នំនោះ។
យ៉ាងណាក្តី ចាប់ពីពាក់កណ្តាលខែធ្នូនេះតទៅឧទ្យានជាតិថាំហ្លួងនាងណន ដែលមានទីតាំងនៅក្នុងខេត្តឈៀងរ៉ាយ បានសម្រេចបើកឲ្យអ្នកទេសចរអាចធ្វើដំណើរចូលទៅដល់ល្បាក់ទី ៣ហើយ ពោលគឺអ្នកទេសចរអាចធ្វើដំណើរនិងស្រាវជ្រាវក្នុងរូងភ្នំបានគ្រប់ទីកន្លែងជាមួយនិងលក្ខខណ្ឌដូចខាងក្រោមនេះ៖
-តម្លៃសំបុត្រសម្រាប់ភ្ញៀវទេសចរជាតិថៃម្នាក់គឺ ៩៥០បាត (២៧ដុល្លារ) និងសម្រាប់ភ្ញៀវទេសចរអន្តរជាតិម្នាក់គឺ ១,៥០០បាត (៤៣ដុល្លារ)
-ភ្ញៀវទេសចរត្រូវធ្វើការចុះឈ្មោះមុន ១៥ថ្ងៃ មុនថ្ងៃដែលត្រូវចូលទស្សនាផ្ទាល់ ដើម្បីឲ្យក្រុមអ្នកជំនាញពិនិត្យមើលស្ថានភាពអាកាសធាតុថាអាចចូលទស្សនាបានឬអត់ ហើយក្រុមអ្នកជំនាញនឹងជូនដំណឹងទៅវិញក្នុងរយៈពេល ៧ថ្ងៃក្រោយការចុះឈ្មោះ
-ភ្ញៀវទេសចរម្នាក់អាចធ្វើដំណើរចូលក្នុងរូងភ្នំក្នុងរយៈពេលចន្លោះពី ២ ទៅ ៤ម៉ោង សម្រាប់ការធ្វើដំណើរក្នុងរូងភ្នំដែលមានប្រវែងសរុប ៧០០ម៉ែត្រ
-ម៉ោងដែលអាចចូលទស្សនាក្នុងរូងភ្នំបានគឺ ពេលព្រឹកនិងពេលរសៀល រៀងរាល់ថ្ងៃ អង្គារ ពុធ និងព្រហស្បតិ៍
-តម្លៃខាងលើនេះមិនរួមបញ្ចូលតម្លៃទិញសម្ភារផ្សេងៗនិងប័ណ្ណធានាគ្រោះថ្នាក់ឡើយ៕

ប្រភព៖ The Strait Time
- Share This Post:






