ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឱ្យតាមចាប់ខ្លួនអ្នកបើកឡាន Jeep ដែលបុកបុរសម្នាក់បាត់បង់ជីវិត នៅខណ្ឌទួលគោក ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនបង្កឱ្យមកទទួលខុសត្រូវ
រាជធាណីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុកបានឱ្យដឹងថា ព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យតាមចាប់ខ្លួន អ្នកបើកឡានបង្កឈ្មោះ ព្រហ្ម វិចិត្រសុសក្កា ក្រោយបុកជនរងគ្រោះជាមន្រ្តីរាជការម្នាក់ បាត់បង់ជីវិត នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ខណៈលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យសមត្ថកិច្ចជំនាញតាមស្វែងរកចាប់ជនបង្ក ចាត់ការតាមនីតិវិធី។

បើយោងតាមប្រភពព័ត៌មានពី លោក ផែង វណ្ណៈ បានឱ្យដឹងថា រថយន្ដ Jeep overland ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខ 2CB-9963 ភ្នំពេញ បានបើកបុកបុរសអ្នកជិះម៉ូតូម្នាក់ បណ្ដាលអោយបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ១០:៣០នាទី ត្រង់ចំណុចផ្លូវប្រសព្វ លើផ្លូវលេខ៣១៧ ប្រសព្វផ្លូវលេខ៥៦៦ ភូមិ៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយកើតហេតុអ្នកបើកបររថយន្ត បានទុករថយន្តចោលរត់គេចខ្លួនបាត់។
ករណីនេះផងដែរ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានឱ្យដឹងថា «ចំពោះករណីនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ បង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។ ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីដែលមិនព្រមចូលមកបង្ហាញខ្លួន។»
សូមជម្រាបជូនថា ទាក់ទិនចំពោះករណីនេះ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាកម្លាំងស្រាវជ្រាវចាប់ខ្លួនជនបង្ក តាំងពីថ្ងៃបន្ទាប់ក្រោយកើតហេតុមកម្ល៉េះ ហើយនៅពេលនេះក៏បន្ដនីតិវិធីទៀត ក្រោយទទួលបានដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបញ្ជាឲ្យរកចាប់ខ្លួន នៅថ្ងៃបន្ទាប់មកម្ល៉េះ។ ពេលនេះនីតិវិធីក៏នៅបន្ត និងបន្តស្នើសុំដីកាពីតុលាការថែមទៀតផង»។
សូមបញ្ជាក់ថា ករណីនេះត្រូវបានចែកចាយតាមបណ្តាញសង្គមយ៉ាងខ្លាំង ក្រោយមានការរិះគន់ព្រោងព្រាត ៕







ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត