ស្នងការរាជធានីភ្នំពេញ កោះហៅមន្ត្រីជាប់កិច្ចសន្យាមួយរូប ឈរជើងនៅស្តុបខាំកូស៊ីធី មកអប់រំណែនាំ បញ្ឈប់ការប្រើពាក្យសម្ដីមិនសមរម្យជាមួយប្រជាពលរដ្ឋ
- December 20, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីជាប់កិច្ចសន្យាមួយរូប ដែលឈរជើងនៅស្តុបខាំកូស៊ីធី យកមកសាកសួរ និងអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ ក្រោយឃើញមានការបង្ហោះវិដេអូ ប៉ះពាល់ពាក្យសម្តីគ្នា។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅបណ្តាញសង្គមទាក់ទងការបង្ហោះវិដេអូមានមន្ត្រីនគរបាលស្លៀកពាក់ស៊ីវិលចាំបោះដៃឱ្យ នៅស្តុបខាំកូស៊ីធី ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើស្រាវជ្រាវករណីនេះ តាមពិតជាក់ស្តែងមិនមែនជាមន្ត្រីនគរបាលចរាចរណ៍នោះទេ គឺជាមន្ត្រីជាប់កិច្ចសន្យា ដែលឈរជើងនៅគោលដៅខាំកូស៊ីធី នៅពេលគាត់សម្រាកពីការសម្រួល និងដោះស្រាយចរាចរណ៍ មានការហត់នឿយក៏មកទិញទឹកអំពៅញ៉ាំ ក៏ជួបជាមួយអ្នកបើកបរម៉ូតូ២នាក់ (ស្រីប្រុស) ធ្វើការថតគាត់ទាំងដែលគាត់មិនមានកាន់វិទ្យុទាក់ទង (អាយឌី) បោះដៃឱ្យមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់យានយន្ត ហើយគាត់ក៏សួរទៅអ្នកបើកបរម៉ូតូហេតុអីបានជាថតគាត់ ហើយខាងភាគីម៉ូតូឆ្លើយថាថតលោកឯងអត់បានមែន រួចក៏មានការប៉ះពាក្យសម្តីនឹងគ្នា។
ពាក់ព័ន្ធការប្រើប្រាស់ពាក្យសម្តីមិនសមរម្យរបស់មន្ត្រីជាប់កិច្ចសន្យាពេលនោះដោយសារមានទាស់សម្តីគ្នាមិនយល់គ្នា។ បច្ចុប្បន្នការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីជាប់កិច្ចសន្យារូបនោះ មកសាកសួរ និងធ្វើការអប់រំណែនាំ បញ្ឈប់ការប្រើប្រាស់ ពាក្យសម្ដី កាយវិការមិនសមរម្យជាមួយប្រជាពលរដ្ឋ៕



- Share This Post:






