ព័ត៌មានជាតិ

ប្រមុខរាជរដ្ឋាភិបាល ស្នើឱ្យអ្នកសារព័ត៌មានប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈនិងលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន

BY
Khmernote Media
December 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ ស្នើឱ្យអ្នកសារ​ព័ត៌មានប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងលុបបំបាត់ជនឱកាសនិយម ដែលជ្រក​ក្រោមស្លាកសារព័ត៌មាន។ នេះបើតាមសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងសារលិខិតនោះ សម្ដេចអធិបតីនាយករដ្ឋមន្ត្រីបានផ្ដល់នូវអនុសាសន៍ដល់អង្គវេទិកាលើកទី២០ ដើម្បី​ជាមូលដ្ឋានក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈម ដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជា​ជីវៈ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឱ្យកើតមាន អរិភាព ការបែកបាក់សាមគ្គីភាពជាតិ ដោយត្រូវបន្តចូលរួមថែរក្សាសុខសន្តិភាព ការ​អភិវឌ្ឍប្រទេសជាតិ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ ផ្អែកលើការអនុវត្តច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈឱ្យ​បាន​ខ្ជាប់ខ្ជួន និងត្រូវលុបបំបាត់ជនឱកាសនិយម ដែលជ្រកក្រោមស្លាកសារព័ត៌មាន។ ទន្ទឹមនេះ អ្នកសារព័ត៌មានផ្តល់ព័ត៌មានពិតដល់សាធារណជនជាតិ-អន្តរជាតិ អំពីសភាពការណ៍ពិតនៅកម្ពុជា និង​ផ្សព្វផ្សាយ គោលនយោបាយរបស់រាជរដ្ឋាភិបាលទៅកាន់ប្រជាពលរដ្ឋ និងនាំព័ត៌មានពីប្រជា​ពល​រដ្ឋមកកាន់រាជរដ្ឋាភិបាល ដើម្បីដោះស្រាយបញ្ហាបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានេះ ធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងអំពីភាពពិតជាក់ស្តែង និងភាពអសកម្មនៅក្នុងសង្គម ដើម្បី​រាជ​រដ្ឋាភិបាល ដោះស្រាយបញ្ហាចំគោលដៅមានប្រសិទ្ធភាព ស្របតាមកម្មវិធីកំណែទម្រង់របស់រាជរដ្ឋា​ភិបាល។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញដល់អ្នកសារព័ត៌មាន ផ្សព្វផ្សាយអប់រំដល់សាធារណជនអំពី​វិធាន​ការបង្ការគ្រោះថ្នាក់ចរាចរណ៍ គ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន ការជួញដូរមនុស្ស គោល​នយោបាយភូមិ ឃុំមានសុវត្ថិភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការប្រើប្រាស់គ្រឿងញៀន និងរក្សាសុវត្ថិភាពសង្គម។ លើសពីនេះ បន្តចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយដែលមាន​ចរិត​បំពុល​សង្គម អាចធ្វើឱ្យប្រទេសជាតិអស្ថិរភាពនយោបាយ ចលាចល ភាពវឹកវរ និងបាត់បង់​​សណ្តាប់​ធ្នាប់សង្គម។ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ផ្សាយព័ត៌មានពិត មានតុល្យភាព គ្រប់ជ្រុងជ្រោយ ចៀសវាងការផ្សព្វផ្សាយព័ត៌មានដែលធ្វើឱ្យខូចផលប្រយោជន៍ជាតិនិងបាត់បង់ទំនុកចិត្តពីសាធារណជន។ បណ្តុះបណ្តាលសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មានទាំងបច្ចេកទេសនិងវិជ្ជាជីវៈ ដើម្បី​លើក​កម្ពស់គុណភាពព័ត៌មាន សណ្តាប់ធ្នាប់វិស័យព័ត៌មាន និងកិត្យានុភាពស្ថាប័នសារព័ត៌មាន។

សម្ដេចអធិបតីគូសបញ្ជាក់ថា វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ក្រមសីលធម៌ និងវិជ្ជាជីវៈ សារព័ត៌មាន» ពិតជាមានសារសំខាន់បំផុត ខណៈដែលការអនុវត្ត​ក្រម​សីលធម៌ វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន មួយចំនួននៅមានកម្រិត ជាពិសេសអ្នកសារព័ត៌មាន​តាម​ប្រព័ន្ធ​អនឡាញ ដែលទាមទារឱ្យមានការយកចិត្ត ទុកដាក់ពង្រឹងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និង​ការបណ្តុះបណ្តាលជំនាញ ដើម្បីបង្កើនសមត្ថភាពរបស់ អ្នកសារព័ត៌មាន និងបង្កើនទំនុកចិត្តដល់​សាធារណជន។ សម្ដេចអធិបតីក៏បានចូលរួមអបអរសាទរវេទិកានិពន្ធនាយកសារព័ត៌​មានកម្ពុជា​លើក​ទី២០ ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និពន្ធនាយកមកពីអង្គភាពសារ​ព័ត៌មាន​នានា បានជួបជុំពិភាក្សាផ្លាស់ប្តូរយោបល់ ចែករំលែកបទពិសោធន៍ និងដោះស្រាយ​បញ្ហាប្រឈម​នាពេល​កន្លងមក ព្រមទាំងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តនៅពេលខាងមុខ ដើម្បីលើកកម្ពស់​ការអនុវត្ត​ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក្នុងគោលបំណងរក្សាសណ្តាប់ធ្នាប់វិស័យព័ត៌មាន សន្តិ​សុខ​ព័ត៌មាន និងសេរីភាព ខាងសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជា៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: